ភ្នំពេញ៖ការប្រើប្រាស់សម្ភារៈ សម្លៀកបំពាក់ដែលមានម៉ាកសញ្ញាល្បីឈ្មោះ បានក្លាយជាជម្រើ និងការពេញនិយមនាសម័យបច្ចុប្បន្ន ។ ជាមួយគ្នានេះ MOដែលជាម៉ាកសម្លៀកបំពាក់ល្បីឈ្មោះរបស់ប្រទេសព័រទុយហ្គាល់ បានប្រកាសបើកដំណើរការលក់ជាផ្លូវការនៅកម្ពុជាគឺនៅក្នុងផ្សារទំនើប AEON MALL។
កម្មវិធីប្រកាសសម្ពោធម៉ាកសញ្ញាសម្លៀកបំពាក់ថ្មី នៅកម្ពុជា ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅទីតាំងហាងនាជាន់ផ្ទាល់ដី នៃផ្សារទំនើបខាងលើ ។ កម្មវិធីនេះ ត្រូវបានចូលរួមដោយភ្ញៀវកិត្តិយសជាសិល្បករ ពាណិជ្ជករ និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនទៀត ។ ម៉ាកសញ្ញាល្បីឈ្មោះមួយក្នុងចំណោមម៉ាកសញ្ញា សម្លៀកបំពាក់នៅលើពិភពលោកនេះ ត្រូវបានត្រូវបាននាំចូលដោយក្រុមហ៊ុន SOVEREIGN Retail Group ដែលជាក្រុមហ៊ុនហ្វេសស្សិនធំជាងគេនៅកម្ពុជា ។ MO គឺជាម៉ាសញ្ញាសម្លៀកបំពាក់ល្បីឈ្មោះរបស់ប្រទេសព័រទុយហ្គាល់ ដែលទទួលបានការគាំទ្រពីសំណាក់បុរសនារី យុវវ័យកុមារកុមារីនៅប្រទេសនេះ អស់រយៈពេល២៥ឆ្នាំមកហើយ ព្រោះតែជាសម្លៀកបំពាក់ដែលមានម៉ូតបែបសាមញ្ញ និងមានតម្លៃមរម្យសម្រាប់អ្នកប្រើប្រាស់ ។ បច្ចុប្បន្នMO មានហាងចំនួន១០៨សាខានៅទូទាំងប្រទេសព័រទុយហ្គាល់ និងចាប់ផ្តើមឈានចូលទីផ្សារអន្តរជាតិចាប់តាំងពីឆ្នាំ២០១៣ ដែលបច្ចុប្បន្នមានលក់នៅប្រទេស ប៊ុលហ្គារី សាធារណរដ្ឋឆែក ប្រទេសសាយប្រឹស ម៉ូសំប៊ិក ស្លូវ៉ាគី អារ៉ាប់ប៊ីសាអូឌីត អេស្ប៉ាញ រ៉ូម៉ានីរួមទាំងកម្ពុជាផងដែរ ហើយកម្ពុជាគឺជាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ទីមួយដែលដែលនាំចូលម៉ាកសញ្ញានេះ ។
លោក លី ស៊ូដេន នាយកក្រុមហ៊ុន SOVEREIGN Retail Group បានបញ្ជាក់ថា វត្តមានរបស់ម៉ាកសញ្ញាថ្មីមួយនេះគឺចំពេលដែលទីផ្សារសម្លៀកបំពាក់នៅកម្ពុជា កំពុងមានភាពលូតលាស់ឥតឈប់ឈរ ហើយក៏មានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនទាំងឡាយ ។ លោកថា វត្តមានម៉ាកសញ្ញាថ្មីនេះ នៅកម្ពុជាគឺបានជួយឲ្យទីផ្សារឧស្សាហកម្មម៉ូដសំលៀកបំពាក់ នៅកម្ពុជាឈានដល់កម្រិតមួយទៀតដូចបណ្តាប្រទេសក្នុងតំបន់ ដែលវាបញ្ជាក់ពីភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា។ លោកបន្តថា ក្រោយពីចូលរួមសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងក្រុមហ៊ុន SOVEREIGN នៅកម្ពុជា និងក្រុមហ៊ុន SONAE នៃប្រទេសព័រទុយហ្គាល់គឺជាការនាំចូលលើកដំបូងបំផុតនៃម៉ាកសញ្ញារបស់ប្រទេសព័រទុយហ្គាល់មកកម្ពុជា ។ ក្រុមហ៊ុនទាំងពីរប្រកាសយ៉ាងមុតមាំថា ជាមួយនឹងផលិតផលដែលមានគុណភាព គួបផ្សំនឹងតម្លៃទាបMO នឹងក្លាយជាម៉ាកសញ្ញាសម្លៀកបំពាក់ដ៏ស័ក្កិសមសម្រាប់ជួយឲ្យប្រជាជនខ្មែរកាន់តែមានជីវិតបែបស៊ីវីល័យទាន់សម័យថែមមួយកម្រិតទៀត ៕ វឌ្ឍនា