ព័ត៌មានទាន់ហេតុការណ៍៖

កំពូលតារាសម្តែងសាំងហ្គាពួរ៤រូប មកជួបអ្នកគាំទ្រ និងបង្ហាញសមត្ថភាពនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់ មានតារាសម្តែងប្រុសស្រីល្បីឈ្មោះរបស់ប្រទេសសាំងហ្គាពួរចំនួន៤រូប បានបង្ហាញវត្តមាននៅកម្ពុជា កាលពីចុងសប្តាហ៍នេះ ប្រយោជន៍ជួបជាមួយអ្នកគាំទ្ររបស់ខ្លួន សម្តែង និងចូលរួមផ្សព្វផ្សាយខ្សែភាពយន្ត ដែលពួកគេសម្តែងផងដែរ ។ សិល្បករទាំង៤រូបរួមមាន: អ្នកនាងហ្សូអ៊ីថេ, លោកអែលវីនអ៊ឹង, លោករ៉ូមីអូតាន់និងកញ្ញាផេចឆ័រដែលបាន សម្ដែងក្នុងខ្សែភាពយន្តភាគដ៏ល្បីរឿង”ឆាកជីវិតដូចព្រេងនិទានវគ្គ២” និងរឿង“ពេលវេលាប្រល័យវាសនា” ដែលពួកគេបានមកដល់ព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងកម្មវិធី “ជួបជុំតារាសាំងហ្គាពួរ” នៅមហោស្រពរ៉ូហ្សាណាខេត្តសៀមរាប នាល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦។

កម្មវិធីដ៏រំភើបប្លែកនេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន ភីភីស៊ីធីវី (PPCTV) គឺដើម្បីផ្តល់ឱកាសឲ្យសិល្បករមកពីសាំងហ្គាពួរ បានជួបជាមួយអ្នកគាំទ្រនៅកម្ពុជាដោយផ្ទាល់ពិសេសគឺមុនពេល ដែលខ្សែភាពយន្តភាគដ៏ល្បីល្បាញខាងត្រូវចាក់បញ្ចាំងលើកកញ្ចក់ទូរទស្សន៍ខ្សែកាបនៅពេលដ៏ខ្លីខាងមុខនេះ ។ ការបញ្ជាក់ពីវត្តមានរបស់តារាទាំង៤រូបខាងលើ ត្រូវបានធ្វើឡើង នៅកម្មវិធីសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នាសណ្ឋាគាឡឺរ៉ូយ៉ាល់ ។
អ្នកនាង ហ្សូ អ៊ីថេ(Zoe Tay) ដែលប្រជាជនខ្មែរហៅនាងថាបូបូ បានបញ្ជាក់ពីអារម្មណ៍រំភើប រីករាយដែលបានធ្វើដំណើរមកកាន់កម្ពុជាជាថ្មីជាមួយនឹងការស្វាគមយ៉ាងកក់ក្តៅពីសំណាក់អ្នកគ្រប់គ្រងកម្មវិធី និងអ្នកគាំទ្រនាង ។

អ្វីដែលធ្វើឲ្យនាងកាន់តែរំភើបគឺការបង្ហាញវត្តមានសម្តែង និងជួបអ្នកគាំទ្រនៅលើទឹកដី នៃខេត្តសៀមរាប ដែលជាទឹកដីដ៏ល្បីល្បាញសម្បូរដោយប្រាសាទបុរាណខ្មែរ។

អ្នកនាងលើឡើងថា ដំណើរទៅកាន់ខេត្តសៀមរាប នៅពេលនេះ អាចនឹងជួយឲ្យនាងសម្រេចបំណងក្នុងការចូលទស្សនាប្រាសាទនានា ដ៏ល្បីឈ្មោះរបស់កម្ពុជា ។

ងាកមកកាន់ការសម្តែងក្នុងខ្សែភាពយន្តវិញ តារាស្រីល្បីឈ្មោះរូបនេះ បានលើកឡើងថា ក្នុងរឿង ឆាកជីវិតដូចព្រេងនិទានវគ្គ២ នាងនឹងត្រូវសម្តែងពីតួអង្គអគ្គនាយករងគ្រប់គ្រង់កម្មវិធីកម្សាន្ត មកជាអគ្គនាយករងផ្នែកផលិតខ្សែភាពយន្តភាគវិញ ។ អ្នកនាងបញ្ជាក់ថា ខ្សែភាពយន្តដែលល្អនិងទទួលបានការគាំទ្រច្រើន ពីទស្សនិកជនគឺត្រូវមានសាច់រឿងល្អ តារាសម្តែងល្បី អ្នកដឹកនាំរឿងឆ្នើម និងបច្ចេកទេសខ្ពស់។ អ្នកនាងរំពឹងថា ការធ្វើដំណើរមកកាន់កម្ពុជាលើកនេះនឹងកាន់តែប្លែកជាមួយនឹងការរៀបចំយ៉ាងពិសេសសម្រាប់ជួបជាមួយអ្នកគាំទ្រ ពិសេសគឺការធ្វើដំណើរកម្សាន្ត ។

សម្រាប់លោក រ៉ូ មីអូតាន់ (Romeo Tan) វិញក៏បានបង្ហាញពីចំណាប់អារម្មណ៍ត្រេកអរជាមួយ នឹងវត្តមានចូលរួមផ្សព្វផ្សាយខ្សែភាពយន្តដែលរូបលោកសម្តែងផងដែរ ។ លោកថា ក្នុងខ្សែភាពយន្តរឿង”ឆាកជីវិតដូចព្រេងនិទានវគ្គ២”នេះ លោកសម្តែងជាតួអង្គកូនមហាសេដ្ឋម្នាក់នៅតែវ៉ាន់ ដែលរស់នៅដោយស្រណុកសុខស្រួល និងមិនធ្លាប់ឆ្លងកាត់ការលំបាកប៉ុន្តែដោយការចង់មានអ្នកគាំទ្រ ចង់ទទួលបានភាពល្បីល្បាញនិងមាននារីតាមស្នេហ៍ច្រើនទើបលោកសម្រេចចិត្តចូលប្រឡូកក្នុងវិស័យសិល្បៈ។

លោករំពឹងថា ការធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅពេលនេះ នឹងធ្វើឲ្យលោកកាន់តែជិតស្និទ្ធជាមួយអ្នកគាំទ្រខ្លាំងជាងមុន ។

សម្រាប់លោកអែលវីនអ៊ឹង(Elvin NG) និងកញ្ញាផេច ឆ័រ (Paige Chua) ដែលបានសម្ដែងក្នុងខ្សែភាពយន្តភាគដ៏ល្បីរឿង “ពេលវេលាប្រល័យវាសនា” បានសម្តែងនូវអារម្មរីករាយពេលដែលបានធ្វើដំណើរមកដល់កម្ពុជាជាមួយនឹងរៀបចំទទួលយ៉ាងពិសេស ។

ក្នុងរឿងនេះលោកអែល វីនអ៊ឹង គឺជាលើកដំបូងដែលលោកសម្តែងជាតួអង្គចិត្តអាក្រក់ ដែលបានធ្វើឲ្យតួអង្គប្រពន្ធសម្តែងដោយកញ្ញា ផេចឆ័រ ឈឺចាប់ព្រោះតែលោកមានស្រីខាងក្រៅ ហើយក៏បានបែកបាក់គ្នា ។

សិល្បករទាំងអស់សុទ្ធតែបង្ហាញក្តីសង្ឃឹមខ្ពស់ ជាមួយនឹងការធ្វើដំណើរមកជួបអ្នកគាំទ្រ និងការបង្ហាញសមត្ថភាពនៅលើទឹកដីនៃខេត្តសៀមរាប ពិសេសពួកគេបានត្រៀមរួចជាស្រេច ក្នុងការផ្តិតយកទស្សនីយភាពប្រាង្គប្រាសាទខ្មែរផងដែរ ៕ វឌ្ឍនា

 

vuth-14 vuth-13 vuth-12 vuth-11 vuth-15 vuth-10 vuth-9 vuth-8 vuth-7 vuth-6 vuth-5 vuth-4 vuth-3 vuth-2 vuth-1 vuth-17


ចែករំលែក៖