ភ្នំពេញ ៖ លោក ប៉ឹល កុសល អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ បានដឹកនាំមន្ត្រី រាជការ ចូលរួមពិធីកាន់បិណ្ឌវេណទី៧ នៅវត្តសំរោងអណ្តែត នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីធ្វើពិធីរាប់បាត បង្សុកូល ព្រមទាំងប្រគេនចង្ហាន់ ទេយ្យទានផ្សេងៗ និងថវិកាមួយចំនួនផង ដែរដល់ព្រះសង្ឃ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ដែលជាពិធីបុណ្យជាតិ ដ៏សំខាន់បំផុតរបស់ប្រពៃណីខ្មែរ ដែលកាន់សាសនាព្រះពុទ្ឋ និងជាសាសនារបស់រដ្ឋ។
ទេយ្យទាន និងថវិកា ដែលត្រូវយកទៅប្រគេនព្រះសង្ឃ នៅក្នុងពិធីកាន់បិណ្ឌវេណទី៧ នៅវត្តសំរោងអណ្តែតនេះ រួមមាន អង្ករ ចំនួន ២បាវ ស្មើរនិង ១០០គីឡូក្រាម មី ១កេសធំ ទឹកដោះគោ ១កេសធំ ត្រីខ ១កេសធំ ទឹកក្រូច ៥កេស ទឹកបរិសុទ្ធ ១៥យួរ ស្ករស ២៥គីឡូក្រាម តែ ១គីឡូក្រាម និង ព្រមទាំងថវិកាមួយចំនួន សរុបជាទឹកប្រាក់ ទាំងអស់ ចំនួន ១,៥០០,០០០រៀល (១លាន៥សែនរៀល) ។
ការចូលរួមដឹកនាំមន្ត្រីរាជការ ក្រុមគ្រួសារ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន មកធ្វើបុណ្យជាតិតាមប្រពៃណីនេះ គឺដើម្បីចូលរួមលើកស្ទួយក្នុងវិស័យព្រះពុទ្ឋសាសនា នៃយើងអោយកាន់តែរីកចំរើន និងជាគំរូដល់ក្មេងៗជំនាន់ក្រោយអោយបានដឹង និងអនុវត្តតាមផងដែរ ។
សូមបញ្ជាក់ឲ្យដឹងថា យោងតាមគម្ពីរព្រះសាសនាប្រជាជនកម្ពុជាប្រារព្ធធ្វើ បុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ គិតចាប់ពីថ្ងៃ ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ រៀងរាល់ឆ្នាំ ក្នុងនោះចាប់ពីថ្ងៃ ១រោច រហូតដល់ថ្ងៃ១៤រោច ហៅថា ថ្ងៃកាន់បិណ្ឌ ដោយឡែកថ្ងៃ ១៥រោច ហៅថា ថ្ងៃភ្ជុំបិណ្ឌ ។ ក្នុងឱកាសកាន់បិណ្ឌនេះ ចាស់ព្រឹទ្ធាចារ្យ យាយតា ដែលមានសទ្ធា មុតមាំក្នុងព្រះពុទ្ធសាសនា បានលះបង់ផ្ទះសំបែង កូនចៅ ទៅនៅវត្ត សមាទានសីល៥ សីល៨ ឬ អតិរេកសីល ចម្រើន មេត្តាភាវនា បម្រើព្រះសង្ឃ និងសំអាតទីអារាមជាដើម ។
ពុទ្ធបរិស័ទចំណុះជើងវត្តនីមួយៗ បានបែងចែកគ្នាជាវេនចំនួន ១៤ថ្ងៃ ឬ ១៤បិណ្ឌ ។ ក្នុងបិណ្ឌនីមួយៗ នៅពេលយប់ គេជួបជុំគ្នាប្រគេន–ជូនភេសជ្ជៈ ចំពោះព្រះសង្ឃ និងចាស់ព្រឹទ្ធាចារ្យ នមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្ដែងធម៌ទេសនា ។
លុះព្រឹកឡើង ប្រគេនយាគូ ភត្តាហារ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធក្រុមគ្រួសារ ញាតិមិត្ត សាច់សារលោហិត ដែលបានធ្វើមរណកាលហើយនោះ ។ នាឪកាសបុណ្យភ្ជុំបិណ្ឌនេះ ប្រជាជន និយមធ្វើនំផ្សេងៗ រួមមាន នំអន្សម នំគមជាដើម សម្រាប់ប្រគេនព្រះសង្ឃ សែនព្រេន និងជូនឪពុកម្ដាយ ចាស់ទុំ ញាតិមិត្តរបស់គេ ។
ដោយឡែកនាព្រឹកឡើងថ្ងៃ ១៥រោច ដែលជាថ្ងៃភ្ជុំបិណ្ឌនេះ ពុទ្ធបរិស័ទវេនបិណ្ឌ អញ្ជើញមកចូលរួមយ៉ាងកុះករ ប្រគេនចង្ហាន់ព្រះសង្ឃ និងបង្សុកូល ដូចថ្ងៃកាន់បិណ្ឌដែរ ប៉ុន្តែថ្ងៃនេះមានលក្ខណៈអធិកអធមជាងថ្ងៃកាន់បិណ្ឌកន្លងមក ។ នៅតំបន់ខ្លះ ពេលល្ងាចថ្ងៃ ១៥រោច គ្រួសារនីមួយៗ រៀបចំពិធីសែនព្រេនជូនជីដូនជីតាតាមទម្លាប់ ។ លុះព្រលឹមស្រាងៗ ថ្ងៃ ១កើត ខែអស្សុជ គេរៀបចំនំ ចំណី ផ្លែឈើ….. ដុតទៀន ធូប ដាក់ក្នុងទូកដែលធ្វើពីស្រទបចេកបណ្ដែតតាមទឹក ដើម្បីជាកិច្ចជូនដំណើរដូនតាត្រឡប់ទៅវិញ។
តភ្ជាប់ពីកម្មពិធីកាន់បិណ្ឌនេះ នារសៀលថ្ងៃខែដដែល លោក ប៉ឹល កុសល ប្រធានកិត្តិយស អនុសាខាកាកបាទក្រហមខណ្ឌសែនសុខ បានទទួលទេយ្យទាន មានដូចជា អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ពីព្រះចៅអធិការវត្តសំរោងអណ្តែតផងដែរ ។
ទេយ្យទាន និងគ្រឿងឧបភោគ បរិភោគ របស់ព្រះចៅអធិការវត្តសំរោងសណ្តែង ដែលត្រូវ ប្រគល់ជូនដល់អនុសាខាកាកបាទក្រហមខណ្ឌសែនសុខ រួមមាន បច្ច័យ ៥លាន ទឹកក្រូច ៣០កេស តែ ៤០០កញ្ចប់ ទឹកសុទ្ធ ៣០កេស ត្រីខ ២០០កំប៉ុង ទឹកដោះគោ ២០០កំប៉ុង ស្ករស ២០០កញ្ចប់ ទឹកត្រី ២២យួរ ទឹកស៊ីអ៊ីវ ៣០យួរ និងអង្ករ ៣តោន សរុប ជាថវិកា ចំនួន ១៦លានរៀល ស្មើរនិង៤០០០ដុល្លារសហរដ្ឋអាមេរិក ។
នាឪកាសនេះលោក ប៉ឹល កុសល ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌសែនសុខ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់ព្រះចៅអធិការវត្តសំរោងអណ្តែត ដែលមានសទ្ធាជ្រះថ្លា ឧបត្ថម្ភ ទទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជាច្រើនយ៉ាងសន្ធឹកសន្ធាប់នេះ សម្រាប់យកទៅចែកជូនពលរដ្ឋក្រីក្ររស់នៅក្នុងមូលដ្ឋាន ។ ដែលសកម្មភាពទាំងនេះ សបញ្ជាក់ឲ្យឃើញថា សកម្មភាពមនុស្សធម៌ រវាងវិស័យពុទ្ធចក្រ និងអាណាចក្រ គឺផ្សារភ្ជាប់គ្នាជានិច្ចនិរន្ត ដែលមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ។
ឆ្លើយតបទៅនិងសកម្មភាពមនុស្សធម៌ពីព្រះចៅអធិការវត្តសំរោងអណ្តែត ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌសែនសុខ បានសន្យា នឹងនាំយកអំណោយទាំងនេះ ទៅចែកជូនដល់ដៃប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ ក៏ដូចជាជនងាយរងគ្រោះជាដើម ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ ៕ តុង សីហា