ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋឃាត់ខ្លួន យកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទឹកថ្លា សាកសួរករណីប៉ុនប៉ងគាស់សោបន្ទប់ជួលចូលលួចទ្រព្យសម្បត្តិ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០១៦ នៅចំណុចផ្ទះជួល ភូមិអូបែកក្អម សង្កាត់អូបែកក្អប ខណ្ឌសែនសុខ ។
ជនសង្ស័យមានឈ្មោះ ជួរ វាសនា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងជុសជុលម៉ាសុីនត្រជាក់ បច្ចុប្បន្នស្នាក់នៅម្តុំភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ចំណែកដើមបណ្តឹងមានឈ្មោះ ម៉ែន ណាំ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរអ្នកមើលការខុសត្រូវផ្ទះជួលខាងលើ ។
ប្រភពពីដើមបណ្តឹងបានអោយដឹងថា មុនពេលកើតហេតុ រូបគាត់បានឃើញជនសង្ស័យជិះម៉ូតូ១គ្រឿង ម៉ាកសង់កូរេ ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CA. 3172 មកឈប់នៅចំណុផ្ទះជួល ហើយដើរឡើងទៅជាន់លើ ដោយប៉ុនប៉ងរកគាស់សោបន្ទប់ ហើយក៏ឃាត់យកមកប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាតែម្តង ។
ចំណែកជនសង្ស័យបានឆ្លើយប្រាប់សមត្ថកិច្ចថា ខ្លួនមិនមានបំណងគាស់សោបន្ទប់ទេ គឺមករកមិត្តភក្តិដែលស្នាក់នៅទីនោះ ប៉ុន្តែរកមិនឃើញហើយត្រូវគេចាប់ឃាត់ខ្លួនតែម្តង ។
បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសាកសួរបន្តតាមនិតិវិធី ៕ តុង សីហា