ប្រភពព័ត៌មានអន្តរជាតិបានផ្សព្វផ្សាយនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ថា ការរញ្ជួយដីកម្រិតធំ ៦.៣រ៉ិចទ័របានកើតឡើងនៅដែនកោះ មីនដាណៅ ប្រទេសហ្វីលីពីន ធ្វើឲ្យមានការភ័យខ្លាចយ៉ាងខ្លាំងពីសំណាក់ភ្ញៀវស្នាក់នៅសណ្ឋាគារ ក៏ដូចកម្មករ ប្រជាពលរដ្ឋដែលកំពុងធ្វើការនៅក្នុងតំបន់ Davao ។ ប៉ុន្តែទោះបីយ៉ាងណា គេនៅមិនទាន់មានសេចក្តីរាយការណ័អំពីការខូចខាតនៅឡើយទេ ។
ក្រុមភូគម្ភសាស្ត្រអាមេរិក USGS បានបញ្ជាក់ថា ដំបូងឡើយ គេបានវាស់ស្ទង់ឃើញថា ការរញ្ជួយដីមានកម្រិត៦.៥រ៉ិចទ័រ កើតឡើងនៅវេលាម៉ោង៦និង៥៣នាទីព្រឹក ថ្ងៃសៅរ៍ នេះ និងស្ថិតក្នុងចម្ងាយ១១៤គីឡូម៉ែត្រភាគខាងកើតតំបន់ Davao ដែនកោះ Mindanao ហ្វីលីពីន ។
មជ្ឈមណ្ឌលព្រមានពីរលកយក្សស៊ូណាមិប៉ាស៊ីក បានបញ្ជាក់ថា ការរញ្ជួយដីមានកម្រិតញាប់ញ័រជម្រៅ៦៩គីឡូម៉ែត្រពីក្រោសមុទ្រ ។ ប៉ុន្តែនៅមិនទាន់ប្រាកដថា អាចបង្កឲ្យមានរលកយក្សស៊ូណាមិនោះទេ ៕ ថាច់ យ៉ាត