ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រុសបេីកបុកម៉ូតូឆ្លងផ្លូវបណ្តាលឱ្យរងរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖​ យុវជន២នាក់បានជិះម៉ូតូឌុបគ្នាធ្វេីដំណេីរឆ្លងផ្លូវមិនប្រយ័ត្នក៏ត្រូវបានរថយន្តបេីកបុកពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង១១នាទីថ្ងៃទី២០ខែសីហា ឆ្នាំ២០២៥ នៅតាមផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិគោកខ្សាច់​ សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល​ រាជធានីភ្នំពេញ។

ជនរងគ្រោះ​ទី១មានឈ្មោះ​គាន​ វិសាល​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ (របួសរលាត់មុខនិងបាក់កជេីងស្តាំ)មានអាស័យដ្ឋាននៅភូមិព្រៃជ្រៅ​ ឃុំសណ្តារ ស្រុកលេីកដែក ខេត្តកណ្តាល។  

ជងរងគ្រោះទី២មានឈ្មោះ​មុត មករា​ ភេទប្រុស​ អាយុ២១ឆ្នាំ(របួសរលាត់ជង្គង់ឆ្វេង)មានអាស័យដ្ឋាននៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល​ ខេត្តកណ្តាល។  

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1CA 3224 ធ្វេីដំណេីរឆ្លងផ្លូវក្រវ៉ាត់ក្រុងទី៣ក្នុងទិសដៅពីកេីតទៅលិចលុះមកដល់ពាក់កណ្តាលផ្លូវស្រាប់តែមានរថយន្តព្រុសមួយគឿង​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2BG 0759. បេីកលឿនជ្រុលបុកពេញទំហឹងបណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់​ ភ្លាមនោះរថយន្តបង្កបានព្យាយាមបេីកគេចខ្លួនតែត្រូវបានសមត្ថកិច្ចដេញឃាត់បានមកវិញ។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។​  ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖