ព័ត៌មានទាន់ហេតុការណ៍៖

កូនស្រី​ជក់​ថ្នាំ​ញៀនរហូត​បែកវង្វេងវង្វាន់យក​ដែកកេះ​ដុត​ផ្ទះ​ម្តាយ​ឆេះ​ផ្អើល​

ចែករំលែក៖

ខេត្តកណ្តាល ៖ ​ស្ត្រីម្នាក់ប្រើប្រាស់​ថ្នាំ​ញៀន​មាន​សភាព​វង្វេងវង្វាន់​ស្មារតី ហើយ​យក​ដែកកេះ​មក​ដុត​ផ្ទះ​របស់​ម្តាយ​ឆេះ​ខ្ទេច ត្រូវ​ម្តាយ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន ។

ហេតុការណ៍​ខាងលើនេះ​បង្ក​ការ​ភ្ញាក់ផ្អើល​​​កើតឡើង​កាលពី​វេលា​ម៉ោង១១និង០០​នាទី​ព្រឹកថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២៥ ស្ថិត​នៅ​ចំណុច​ផ្ទះ​ម្តាយ ក្នុងភូមិ​លេខ​៥ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

លោក​វរសេនីយ៍ឯក យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​បានអោយ​ដឹង​ថា ជនសង្ស័យ​ជា​កូនស្រី​មាន ឈ្មោះ ឡា​ច សុ​គ​ន្ធា អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ​លេខ​៥ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មាន​សារធាតុ​ញៀន​ក្នុង​ទឹក នោម​វិជ្ជា​មាន ដកហូត​ដែកកេះ​ចំនួន​១ ពណ៌​លឿងនិង ខូចខាត​ផ្ទះ​ទៀម​ថ្ម​ប្រក់​ដំបូល​ស័ង្កសី​ចំនួន​០១​ខ្នង ។

ចំណែកស្ត្រីជា​​ម្តាយ​ជា​ជន​រង​គ្រោះ​ឈ្មោះ ប៉ាត់ ហាន អាយុ​៥៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​លេខ​៥ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

​តាម​ប្រភព​ព័ត៌មាន​ពី​ម្តាយបង្កើតរបស់​ជនសង្ស័យ បាន ឱ្យដឹង​ថា កូនស្រី​របស់​គាត់ តែងតែ​ប្រើប្រាស់​ថ្នាំ​ញៀន​ជា​ប្រចាំ និង​ប្រើ​អំពើ​ហិង្សា​អុកឡុក​អ្នក​ផ្ទះ​ជា​ប្រចាំ ។ លុះ​មក​ដល់​វេលា​ម៉ោង ១១ព្រឹក ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២៥ ស្រាប់តែ​ជនសង្ស័យ មក​ពី​ប្រើប្រាស់​ថ្នាំ​ញៀន រួច​មាន​សភាព​បែក​ថ្នាំ វង្វេងវង្វាន់​ស្មារតី​ហើយ​បាន​យក​ដែកកេះ​មក​ដុត​ផ្ទះ​របស់​ម្តាយបង្កើត​ឆេះ​ដំបូល អណ្តាតភ្លើង​យ៉ាង​សន្ធោរ​សន្ធៅ ភ្លាម​ៗ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​យក​ទឹក​មក​ជួយ​បាញ់​ពន្លត់ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ជាម្តាយបាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ស្វាយ​រលំ ដើម្បី​ឃាត់ខ្លួន​រួម​ទាំង​វត្ថុ​តាង​យក​មក​សួរនាំ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ។​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រើប្រាស់​ថ្នាំ​ញៀន រួច មាន​សភាព​បែក​ហើយ​បាន​ធ្វើ​សកម្មភាព​យក​ដែកកេះ​មក​ដុត​ផ្ទះ​របស់​ជន​រង​គ្រោះ​ត្រូវជា​ម្តាយ​ឆេះ​ដំបូល​អស់ ប្រាកដ​មែន ។

បច្ចុប្បន្ន​ជនសង្ស័យ​ ត្រូវបានសមត្ថកិច្ច​​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕


ចែករំលែក៖