ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះអាគារស្នាក់នៅរបស់បុគ្គលិកភោជនីយដ្ឋានវីអេក ក្រុងកំពង់ចាម បង្កការភ្ញាក់ផ្អើលទាំងយប់

ចែករំលែក៖

ខេត្តកំពង់ចាម÷អនុវត្តតាមអនុសាសន៍របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យមានការយកចិត្តទុក្ខដាក់ខ្ពស់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន នៅវេលាម៉ោង១៩ និង ២០នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ វេនប្រចាំបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានទទួលព័ត៌មានថាមានករណីអគ្គិភ័យបានឆាប់ឆេះអាគារស្នាក់នៅរបស់បុគ្គលិកភោជនីយដ្ឋានវីអេក នៅតាមផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។

ទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកម្លាំងដោយផ្ទាល់ និងបញ្ជាឱ្យកម្លាំងជំនាញ យករថយន្តអគ្គីភ័យ ចំនួន៥គ្រឿង ចេញជួយអន្តរាគមន៍សង្គ្រោះជាបន្ទាន់ ។

កងកម្លាំងនគរបាលសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធជួយអន្តរាគមន៍សង្រ្គោះ និងគ្រប់គ្រងស្ថានការណ៍ បាន១០០ភាគរយ មិនបណ្ដោយឱ្យឆាប់ឆេះរីករាល ដាលបន្តទៀត។ នៅវេលាម៉ោង ២១និង៥០នាទី ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ៥គ្រឿង និងអស់ទឹក ចំនួន ២១សុឺទែន ។ 

គួរបញ្ជាក់ថា អគ្គិភ័យឆាបឆេះនេះ បណ្ដាលមកពីការឆ្លងចរន្តអគ្គសនី ធ្វើឱ្យខូចខាត អាគារស្នាក់នៅរបស់បុគ្គលិកភោជនីយដ្ឋានវីអេក ១ខ្នង តែពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្ស និងសត្វពាហនៈឡើយ ។ បច្ចុប្បន្នជំនាញកំពុងសិក្សាវាយតម្លៃ អំពីទំហំនៃការខូចខាតលម្អិត ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុង ប្រយ័ត្នខ្ពស់បំផុត ក្នុងការពិនិត្យមើលឡើងវិញចំពោះ ការរៀបចំបណ្ដាញអគ្គីសនីនៅតាមផ្ទះ តាមអាគារ ភោជនីយដ្ឋាន និងនៅបន្ទប់ស្នាក់នៅជាដើម ត្រូវរៀបចំតាមលក្ខណៈបច្ចេកទេសក្បួនខ្នាតឱ្យបានត្រឹមត្រូវ ចៀសវាងកុំឱ្យកើតឡើងនៅហានិភ័យណាមួយ ជាយថាហេតុ ៕


ចែករំលែក៖