ព័ត៌មានទាន់ហេតុការណ៍៖

លោក មាស សុភ័ណ្ឌ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចែករំលែកទស្សនៈ៣ចំណុច ក្នុងកំពូលអង្គការ​​សហ​ប្រតិ​បត្តិការសៀងហៃបូក

ចែករំលែក៖

ភ្នំពេញ៖ ប្រធានក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រីកម្ពុជា​  លោក មាស សុភ័ណ្ឌ បានថ្លែង​បញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចែករំលែកទស្សនៈ៣ចំណុច អំពីមធ្យោបាយ ក្នុងការជំរុញគោលការណ៍ និងសេចក្តីប្រាថ្នារួម របស់រដ្ឋសមាជិក នៅក្នុងកំពូលអង្គការ​​សហ​ប្រតិ​បត្តិការសៀងហៃបូក។

ការថ្លែងបញ្ជាក់បែបនេះរបស់​លោកអ្នកនាំពាក្យ​បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ បានដឹកនាំគណៈប្រតិភូ មកដល់មាតុភូមិដោយសុវត្ថិភាព នាពាក់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយបញ្ចប់កិច្ចប្រជុំ កំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃបូក នៅទីក្រុងធានជីន ប្រទេសចិន។

លោកប្រធាន​អ្នកនាំពាក្យរូបនេះ​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងកិច្ចប្រជុំកំពូលនេះ សម្ដេចបវរធិបតី ក៏បានចែករំលែក នូវការយល់ឃើញរបស់សម្ដេច អំពីមធ្យោបាយ ក្នុងការជំរុញគោលការណ៍ និងសេចក្តីប្រាថ្នារួម របស់រដ្ឋសមាជិករួមមាន៖ ការអនុវត្ដពហុភាគីនិយម គឺទាមទារនូវការប្ដេជ្ញាចិត្ដយ៉ាងមុតមាំ ចំពោះកិច្ចសន្ទនា, ការគោរពគ្នាទៅវិញទៅមក និងបរិយាប័ន្ន»។

បន្ថែមពីនេះ​ លោក មាស សុភ័ណ្ឌ បន្តថា​ សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ថា ការជួបជុំរបស់បណ្ដារដ្ឋនាពេលនេះ គឺជាការអំពាវនាវដល់ម៉ឺងម៉ាត់ ឲ្យមានការចាត់វិធានការនូវ ចំពោះមុខភូមិសាស្ដ្រនយោបាយ ដែលកាន់តែស្មុគស្មាញ និងកើនឡើងនៃជម្លោះ និងបញ្ហាប្រឈមបន្ទាន់ផ្នែកសេដ្ឋកិច្ច និងបរិស្ថាន។

សូមបញ្ជាក់ថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូ​ អញ្ជើញ​ទៅ​ប្រទេសចិន កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។

ដំណើរអញ្ជើញទៅ​ប្រទេស​ចិននេះ ធ្វើឡើងតបតាមការអញ្ជើញ​របស់​លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក ដែលរៀបចំធ្វើឡើងនៅទីក្រុងធានជីន ប្រទេសចិន។

ក្នុងដំណើរអញ្ជើញទៅកាន់ប្រទេសចិននាពេលនេះ ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំ​ខាង​លើ​ហើយនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏មានជំនួបជាច្រើនទៀត រួមមាន៖

* ប្រធានាធិបតីចិន លោក ស៊ី ជីនពីង, លោក វ៉ាង ហ៊ូនីញ ប្រធានសភា​ប្រឹក្សានយោបាយប្រជាជនចិន, លោក ជីន លីឈុន ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី, លោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម, លោក ថងលូន ស៊ីសូលីត ប្រមុខរដ្ឋឡាវ, លោក Khadga Prasad sharma Oli នាយករដ្ឋមន្ត្រីនេប៉ាល់ និងលោក អង់តូនីញ៉ូ ហ្កូតតឺរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ៕ដោយ​៖តារា​


ចែករំលែក៖