កាលពីថ្ងៃអាទិត្យ បេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ ដូណាល់ ត្រាំ បានថ្លែងប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បែនចាមីន ណេតាន់យ៉ាហូ ថា បើលោកជាប់ឆ្នោតជាប្រធានាធិបតី អាមេរិកនឹងទទួលស្គាល់ដែនដី ហ្សរូសាលឹម (Jerusalem)ថា ជាផ្នែកមួយនៃរដ្ឋធានីរបស់អ៊ីស្រាអែល ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានបំពេញទស្សនកិច្ចទៅកាន់អាមេរិកកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ។ ក្នុងដំណើរទស្សនកិច្ចនេះ ក្រៅពីជួបថ្នាក់ដឹកនាំកំពូល និងពិភាក្សាការងារពាក់ព័ន្ធរួចមក លោកបានជួបជាមួយលោកស្រី ហ៊ីលឡារី គ្លីនតុន បេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ ។ លោកស្រីគ្លីនតុន បានប្តេជ្ញា បន្តរក្សាចំណងមិត្តភាពជាមួយអ៊ីស្រាអែល ដូចពេលបច្ចុប្បន្ន ឬប្រសើរជាងនេះថែមទៀត ។ ពីព្រោះអ៊ីស្រាអែល ជាមិត្តភក្តិរបស់អាមេរិកដ៏យូរលង់មកហើយ ។
ដោយឡែក លោកណេតាន់ យ៉ាហូ បានជួបជាមួយបេក្ខភាពប្រធានាធិបតី ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ ក្នុងរយៈពេលជាង១ម៉ោង លោកត្រាំ បានអះអាងថា បើលោកជាប់ឆ្នោតដឹកនាំអាមេរិកនោះ រដ្ឋបាលរបស់លោកនឹងទទួលស្គាល់ដែនដី ហ្សេរូសាលឹម ជាផ្នែកមួយនៃរដ្ឋធានីគ្រប់គ្រងដោយអ៊ីស្រាអែល ។
រដ្ឋប៉ាឡេស្ទីន ចង់បានដែនដី East Jerusalem ដែលកាន់កាប់ដោយអ៊ីស្រាអែល ក្រោយសង្គ្រាមក្នុងឆ្នាំ១៩៦៧នោះ ជារដ្ឋធានីប៉ាឡេស្ទីន ដូចនៅ West Bank និង Gaza Strip ។ ជម្លោះហិង្សាបានកើតឡើងជាបន្តបន្ទាប់ នៅតំបន់ខាងលើនេះរវាងប៉ាឡេស្ទីន នឹងអ៊ីស្រាអែល ។ ជម្លោះនេះបានរាលដាលដល់អង្គការសហប្រជាជាតិផងដែរ ។
សេចក្តីប្រកាសរបស់លោក ត្រាំ អះអាងថា លោកបានពិភាក្សាយ៉ាងវែងអន្លាយជាមួយលោក ណេតាន់យ៉ាហូ ពាក់ព័ន្ធបញ្ហារបងព្រំដែន រហូតដល់នយោបាយជនអន្តោប្រវេសន៍ដ៏ចម្រូងចម្រាស់ផ្ទាល់ខ្លួនលោក ដោយចង់កសាងកំពែងនៅតាមព្រំដែនអាមេរិក មិកស៊ីកូ និងរារាំងបណ្តោះអាសន្នក្រុមជនមូស្លីម ចូលទៅកាន់ទឹកដីអាមេរិក ៕ ថាច់ យ៉ាត