ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបើកបុកគ្នាយ៉ាងពេញទំហឹង របួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ម៉ូតូ១គ្រឿងបើកឆ្លងផ្លូវមិនប្រយ័ត្ន ដោយមិនបានមើលឆ្វេងស្ដាំ មុននឹងបត់ ស្រាប់តែម៉ូតូ១គ្រឿងទៀត បុកយ៉ាងពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ និងស្រាល៣នាក់ ត្រូវបានសមត្ថកិច្ចបញ្ជួនទៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះ។ ករណីគ្រោះថ្នាក់ចរាចរណ៍ នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៤០នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្លូវជាតិលេខ៥៧ ស្ថិតនៅភូមិអូរអិល  ឃុំស្ទឹងកាច់   ស្រុកសាលាក្រៅ  ខេត្តប៉ៃលិន។

មន្ត្រីនគរបាលស្រុកសាលាក្រៅបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ដែលគ្រោះ ថ្នាក់ខាងលើរួមមាន ទី១ ឈ្មោះ ឆឹល ឆិត អាយុ២១ឆ្នាំ មុខរបរជាកម្មករថ្នាំចម្ការ ស្នាក់នៅភូមិកូខ្លុង សង្កាត់អូរតាវ៉ៅ ក្រុង- ខេត្តប៉ៃលិន រងរបួសធ្ងន់ ទី២ ឈ្មោះ ម៉ុច ចាន់ស៊ី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរជាបុគ្គលិកកាស៊ីណូស៊ីសាព្រំដែនប៉ៃលិន ស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ក្រុង- ខេត្តប៉ៃលិន មានស្រុកកំណើតនៅខេត្តបាត់ដំបង រងរបួសធ្ងន់ និងទី៣ ឈ្មោះ ស្រី លាភ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរជាបុគ្គលិកកាស៊ីណូស៊ីសាព្រំដែនប៉ៃលិន រស់នៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុង-ខេត្តប៉ៃលិន រងរបួសស្រាល។

មន្ត្រីដដែលបានបញ្ជាក់ថា ម៉ូតូម៉ាកសង់១២៥ ពណ៍ខ្មៅពាក់ស្លាកលេខ បាត់ដំបង1T-4384 បានបើបត់តែមិនបានប្រុងប្រយ័ត្ន ត្រូវបានម៉ូតូ១គ្រឿងទៀតបានបើកបុកចំពីមុខ ម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន-1A1979។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូ១គ្រឿងបានបើកឆ្លងផ្លូវ តែមិនបានមើលឆ្វេងស្តាំ ស្រាប់តែមានម៉ូតូ១គ្រឿងទៀត មានគ្នា២នាក់ បើកបរក្នុងទិសដៅបញ្ច្រាស់គ្នា លុះដល់កន្លែងកើតហេតុ ម៉ូតូទាំង២គ្រឿងបាន បើកបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យរបួសទាំង៣នាក់ ហើយត្រូវបានសមត្ថកិច្ចបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីជួយសង្គ្រោះតែម្តង។

សមត្ថកិច្ចចរាចរណ៍ផ្លូវគោកនៃស្នងការខេត្តប៉ៃលិន យកម៉ូតូទាំង២គ្រឿង មករក្សាទុក នៅការិយាល័យចរាចរណ៍នគរបាលខេត្តប៉ៃលិន ដើម្បីរងចាំភាគី ចូលខ្លួនមក ដោះស្រាយតាមផ្លូវច្បាប់៕ ស សារ៉េត

 

7 1 2 3 4 5 6

 


ចែករំលែក៖