ភ្នំពេញ៖ នៅម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ សម្តេច ព្រះមហាក្សត្រិយានីនរោត្តម មុនិនាថ សីហនុ ព្រះអង្គបានយាងគោរពវិញ្ញាណក្ខន្ធសព លោក Christian GAUQUELIN des PALLIERES ស្ថាបនិកនៃអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ស្ថិតនៅភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជ ធានីភ្នំពេញ។
សូមបញ្ជាក់ថា លោក Christian de Pallière ជាជនជាតិបារាំងដែលបានជួយកុមារកម្ពុជារាប់មុឺននាក់ពីគំនរសំរាម ឲ្យមានអនាគតភ្លឺស្វាងនោះបានទទួល មរណភាពនៅវេលាម៉ោង៦និង៥៨នាទី ល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ដោយ ជរាពាធក្នុងជន្មាយុ៨២ឆ្នាំ។ សពរបស់លោកកំពុងត្រូវបានតម្កល់នៅក្នុងអង្គការដើម្បីភាពញញឹមនៃកុមារដែលមានអាសយដ្ឋានផ្ទះលេខ៤០២ ភូមិទ្រា១ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។
បើតាមលោកស្រី ស៊ុក សោភ័ណ្ឌនាយកផ្នែកទំនាក់ទំនងសាធារណៈរបស់អង្គការ PSE បានឲ្យដឹងថា សពរបស់លោក Christian GAUQUELIN des PALLIERES ស្ថាបនិកនៃអង្គការដើម្បីភាពញញឹមនៃកុមារនឹងត្រូវដង្ហែយកទៅបូជានៅម៉ោង១រសៀលនាថ្ងៃនេះតែម្តងនៅវត្តប្ញស្សី សាញ់ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ៕ ហេង សូរិយា