លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា សម្រាប់ប្រទេសកម្ពុជា ប្រសិនបើលទ្ធផលនៃកិច្ចពិភាក្សា និងការសិក្សាបង្ហាញថា ការដាំកូនឈើ ប្រភេទលម្អ និងយកមកកែច្នៃ ពិតជាអាចដំណើរការទៅបាន ស្របតាមទស្សនទានសេដ្ឋកិច្ចបរិស្ថាន ហើយធានារក្សាឱ្យបាននូវនិរន្តរភាពបរិស្ថាន សុវត្ថិភាពជីវៈចម្រុះ និងតុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី ក្រសួងបរិស្ថាន នឹងគិតគូររៀបចំឱ្យមានផែនការសកម្មភាពសម្រាប់ការអភិវឌ្ឍដំណាំឈើប្រភេទនេះ ដោយជំរុញ និងលើកទឹកចិត្តឱ្យមានការចូលរួមពីសហគមន៍មូលដ្ឋាន ក្នុងការដាំកូនឈើទាំងនេះនៅលើផ្ទៃដីព្រៃរេចរឹល និងតំបន់ផ្សេងៗទៀតនៅក្នុងសហគមន៍មូលដ្ឋាន ។
លោក សាយ សំអាល់ បានលើកឡើងបែបនេះខណៈ លោកចូលរួមនៅក្នុង សិក្ខាសាលាស្តីពី «ការសិក្សាលទ្ធភាពដាំកូនឈើប្រភេទប៉ូឡូញ៉ា-គូតុង» ឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០១៦ នេះនៅ រាជធានីភ្នំពេញ។
រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបន្ថែមថា សិក្ខាសាលានៅថ្ងៃនេះ មិនត្រឹមតែជាសក្ខីភាពបញ្ជាក់ នូវ ការរីកចម្រើនមួយជំហានថ្មីទៀត នៃកិច្ចសហប្រតិបត្តិការ រវាងប្រជាជន និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកញ្ចក់ឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ របស់រាជ រដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថានក្នុការលើកកម្ពស់ប្រសិទ្ធភាព ការងារគ្រប់គ្រងបរិស្ថាន ការការពារធនធាន ធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព ជាពិសេស ការលើកកម្ពស់ជីវភាពប្រជាសហគមន៍តំបន់ការពារធម្មជាតិ។
ជាមួយគ្នានេះ លោកសាយ សំអាល់ បានលើកឡើងថា ក្រសួងបរិស្ថានបានធ្វើកំណែទម្រង់ ជារួមមានមានការអនុវត្តតាមបទបញ្ជាលេខ០១ ដោយមិនផ្តល់សម្បទានដីសេដ្ឋកិច្ចថ្មី ការធ្វើកំណែទម្រង់ស៊ីជម្រៅរវាង ស្ថាប័នអភរិក្ស និងអភិវឌ្ឍដោយបានបែងចែកតួនាទីច្បាស់លាស់រវាងក្រសួងបរិស្ថាន និង ក្រសួងកសិកម្ម និងការបញ្ចប់ការកាប់ឈើទ្រង់ទ្រាយធំ ការបញ្ចប់ជម្លោះដីធ្លី និងការរៀបចំឱ្យមាននូវវេទិកាថ្នាក់ជាតិ រវាង រាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល សហគមន៍ និងមន្រ្តីពាក់ព័ន្ធទាំងអស់ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ។
ក្រៅពីចូលរួមនៅក្នុងសិក្ខាសាលាខាងលើនេះ ក៏មានពីធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងក្រសួងបរិស្ថាន និងក្រុមហ៊ុនវិស្វកម្មបៃតងគូតុងប៉េកាំង ព្រមទាំងរវាង ក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ ដោយ ចីរភាព និងក្រុមហ៊ុនសំណង់ធានយ័នគ្រុបនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការបង្កើតយន្តការសម្របសម្រួលកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ជីវភាព សហគមន៍ មូលដ្ឋាន និង ពង្រឹង ប្រសិទ្ធភាព ការងាររបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ៕ ហេង សូរិយា