ព័ត៌មានទាន់ហេតុការណ៍៖

ការដឹកជញ្ជូនឈើនៅតែកើតមាន​ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ សកម្មភាពដឹកជញ្ជូនឈើនៅតែកើតមានជាធម្មតា ក្នុងភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ប្រធានច្រកបឹងជ្រោង ត្រូវគេរាយការណ៍ថា ទទួលបានលាភសក្ការៈក្នុងការបិទភ្នែកឲ្យមានបទល្មើស ។

ថ្មីៗនេះ មានរថយន្តទួរីសសាំយ៉ុង ជាច្រើនគ្រឿង ដឹកឈើប្រណីតចូលតាមច្រកបឹងជ្រោង ចេញទៅប្រទេសវៀតណាមដោយគ្មានការបង្ក្រាប ។ ប្រជាពលរដ្ឋនៅតំបន់នោះខ្សឹបខ្សៀវថា ប្រធានច្រកបឹងជ្រោង បានឃុបឃិតជាមួយឈ្មួញរកស៊ីជួញឈើប្រណីតៗ ។ បើមិនមានការឃុបឃិតគ្នាទេ មិនអាចដឹកជញ្ជូនឈើឆ្លងកាត់ដោយរលូនបានឡើយ ។

ប្រជាពលរដ្ឋ ដែលបានឃើញសកម្មភាពដឹកជញ្ជូនឈើនេះបានឲ្យដឹងថា កន្លងមកឈ្មួញបានដឹកឈើប្រណីតតាមរថយន្តយីឌុបធំៗ តែពេលនេះ ពួកឈ្មួញបានប្តូររូបភាពមកជាការដឹកតាមរថយន្តូចៗ ឬតាមម៉ូតូជារៀងរាល់ថ្ងៃ។ ប្រភពបន្តថា បើមេព្រៃ ឬនគរបាលប្រចាំការនៅច្រកទ្វេភាគីមិនឃុបឃិតជាមួយឈ្មួញទេនោះ រថយន្តដឹកឈើល្មើសច្បាប់ទាំងនោះមិនអាចឆ្លងកាត់ច្រកព្រំដែនបានឡើយ ។

ជាក់ស្តែងកាលពីថ្ងៃទី២៦ ខែកញ្ញា វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ មានរថយន្តយីឌុប១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ចាម 3A-4788 ដឹកចំនៀរ ឈើបានបើកបរពីខេត្តក្រចេះបម្រុងទៅលក់នៅប្រទេសវៀតណាម ហើយមិនបានសុំភ្លើងខៀវពីសមត្ថកិច្ចច្រកព្រំដែន ក៏ត្រូវបានរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចចាប់ឃាត់នៅចំណុចផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិក្តុល ឃុំទន្លូ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

លោក យី សុខហេង នាយផ្នែករដ្ឋបាលព្រៃឈើមេមត់បានឲ្យអ្នកកាសែតដឹងថា រថយន្តយីឌុបខាងលើ ដឹកដើមទ្រាំងពេញរថយន្ត ហើយគ្មានច្បាប់អនុញ្ញាត ទើបកម្លាំងជំនាញឃាត់ និងយកមករក្សាទុកនៅឃ្លាំងទន្លេបិទ ដើម្បីបំពេញឯកសារ និងចាត់ការតាមនីតិវិធី ។ គេមិនទាន់ដឹងថា តើនៅក្រោមដើមទ្រាំងទាំងនោះ មានឈើប្រណីតដែរឬទេ ៕ ហេង សូរិយា

 

ss sa

aa sss

 


ចែករំលែក៖