ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការងារប្រកាសផ្តល់អាហាររូបករណ៍ជាង១ម៉ឺនកន្លែងលើជំនាញដែលមានទីផ្សារការងារខ្ពស់

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសផ្តល់អាហាររូបករណ៍ចំនួន១០១៤៧កន្លែង លើមុខជំនាញ ដែលមានតម្រូវការទីផ្សារការងារខ្ពស់ ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ។ ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងកម្មវិធីសំណេះសំណាលជាមួយសិស្សបញ្ចប់មធ្យមសិក្សាទុតិយភូមិមួយ ដែលរៀបចំដោយក្រសួងពាក់ព័ន្ធកាលពីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅវិទ្យាស្ថានជាតិអប់រំ ។

កម្មវិធីនេះត្រូវបានធ្វើឡើងដើម្បីផ្សព្វផ្សាយដល់សិស្សានុសិស្ស ដែលជាប់ ឬធ្លាក់បាក់ឌុបពីគម្រោងផ្តល់អាហាររូបករណ៍ស្តីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលផ្តល់ជូនដោយគ្រឹះស្ថានសិក្សាសាធារណៈ គ្រឹះស្ថានឯកជន និងអង្គការមិនមែនរដ្ឋាភិបាល។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា គ្រឹស្ថានសាធារណៈចំនួន២៨ គ្រឹះស្ថានឯកជនចំនួន៩ និងអង្គការ មិនមែនរដ្ឋាភិបាល២ នឹងផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សចំនួនជាង១ម៉ឺនកន្លែង សម្រាប់ឆ្នាំសិក្សា២០១៦-២០១៧នេះ។

លោក បណ្ឌិត ឡី សុភាពប្រធានសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា បានបញ្ជាក់ថា នេះគឺជាលើកទី២ ហើយដែលលោកបានចូលរួមវេទិការធំបែបនេះក្នុងគោលបំណងឲ្យយុវជន និងសិស្សានុសិស្សបានយល់ដឹងពីសារៈសំខាន់របស់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា និងការចាប់យកជំនាញមកមកសិក្សាឲ្យត្រូវតាមទីផ្សារការងារទាំងបច្ចុប្បន្ន និងទៅអនាគត និងអាហារូបករណ៍លើមុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនដែលក្រសួងបានផ្តល់ឲ្យ។ លោកបញ្ជាក់ថា ជំនាញវិជ្ជាជីវៈ បច្ចេកទេសគឺជាជំនាញដែលទីផ្សារការងារកំពុងត្រូវការយ៉ាងខ្លាំងដូចជាជំនាញ សំណង់ អគ្គីសនី អេឡិចត្រូនិច បរិក្ខាត្រជាក់ ជួសជុលរថយន្ត មេកានិច និងវិស្វកម្មលោហៈជាដើម ។

ប្រធានសមាគមសហព័ន្ធវិនិយោគិនរូបនេះបានបញ្ជាក់ដែរថាកម្មវិធីនេះបានផ្តល់ឱកាសដ៏សំខាន់មួយដល់សិស្សានុសិស្សដែលមានបំណងចង់បន្តការសិក្សាហើយគ្មានលទ្ធភាពបង់ថ្លៃសាលា ហើយលោករំពឹងថា សិស្សានុសិស្សទាំងអស់ នឹងយល់ច្បាស់ពីសារៈសំខាន់នៃវិស័យមួយនេះ និងធ្វើការសម្រេចចិត្ត ដ៏ត្រឹមត្រូវមួយក្នុងការចាប់យកជំនាញមកសិក្សាឲ្យត្រូវតាមទីផ្សារការងារបច្ចុប្បន្ន និងទៅអនាគត ។

លោកបណ្ឌិត ពេជ សោភ័នរដ្ឋលេខាធិការក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថាកម្មវិធីសំណះសំណាលខាងលើនឹងជួយឲ្យសិស្សានុសិស្សបានយល់ពីប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលវាផ្តល់ឱកាសឲ្យយុវជនទាំងក្នុងនិងក្រៅសាលាមានឱកាសចាប់យកជំនាណ ឱកាសបង្កើនផលិតភាព បង្កើតមុខរបរដោយខ្លួនឯង និងអាចប្រកួតប្រជែងបានក្នុងមួយជីវិត ។

កម្មវិធីនេះក៏បានផ្តល់ដល់យុវជនបានដឹងនូវតម្រូវការទីផ្សារការងារជំនាញបច្ចេកទេស ។

លោកថាយុវជនមួយចំនួនធំបានយល់ខុសក្នុងការចាប់យកជំនាញបច្ចេកទេស និងការសិក្សាថ្នាក់ខ្ពស់ដែលមិនសូវមានទីផ្សារការងារច្រើន។ លោកថា ការងារជំនាញបច្ចេកទេសកម្រិតទាបគឺមានឱកាសទីផ្សារការងារប្រមាណជិត៨០ភាគរយនៃចំនួនការងារទាំងអស់ដែលវាបញ្ច្រាសទៅនឹងស្ថានភាពទីផ្សារការងារបច្ចុប្បន្ន។

លោករដ្ឋលេខាធិការរូបនេះបញ្ជាក់ដែរថាពេលនេះក្រសួងពាក់ព័ន្ធ និងគ្រឹះស្ថានសិក្សាបានផ្តល់អាហារូបករណ៍ប្រមាណជាង១ម៉ឺនកន្លែងដែលវាសមស្របទៅតាមទីផ្សារការងារបច្ចុប្បន្ន ប៉ុន្តែសម្រាប់អនាគតវាស្របទៅតាមការរីកច្រើនរបស់ប្រទេស។លោកថាដោយសារព័ត៌មានមិនសូវទូលំទូលាយនាំឲ្យយុវជនមួយចំនួនទៅតាមគ្នាទើបពេលនេះក្រសួងរៀបចំកម្មវិធីនេះឡើយ ហើយម្យ៉ាងដោយសារយុវជនគិតថាការរៀនជំនាញបច្ចេកទេសគឺមានការលំបាក។លោកថា វិស័យ៣ផ្នែក សំខាន់ៗដែលទីផ្សារការងារមានតម្រូវការខ្ពស់បី គឺមានផ្នែក វិស្វកម្ម គ្រឿងយន្ត និងព័ត៌មានវិទ្យាជាដើម ៕ វឌ្ឍនា

 

img_1001 img_0984 img_0982 img_0971 img_1021 img_1011


ចែករំលែក៖