ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌសែនសុខជាអ្នកបង្ក្រាបទីតាំងអុីនធើណេតបង្កប់ល្បែងស៊ីសងខុសច្បាប់ Live Casino តុលាការជាអ្នកដោះលែង

ចែករំលែក៖

ភ្នំពេញ ៖ គោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពទាំង៩ចំណុចត្រូវបានរាជ រដ្ឋាភិបាលដាក់ជូនសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ជាអ្នកអនុវត្តនៅតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីទប់ស្កាត់រាល់បទល្មើសផ្សេងៗកុំឲ្យកើតមានឡើង ។ បទល្មើសទាំងនោះរួម មាន អំពើលួច ឆក់ ប្លន់ ក្មេងទំនើង បងតូច បងធំ បទល្មើសគ្រឿងញៀនល្បែងស៊ីសង គ្រប់ប្រភេទដូចជាល្បែងបៀ អាប៉ោង បញ្ជល់មាន់រាប់បញ្ចូលទាំងល្បែងស៊ីសងខុសច្បាប់ Live Casino តាម អុីនធើណេត ជាដើម ។

ដោយឡែកបើយើងក្រឡេកមើលទៅខណ្ឌសែនសុខឯណោះវិញគណៈបញ្ជា ការឯកភាពខណ្ឌសែនសុខជាអ្នកដឹកនាំ កម្លាំងចុះបង្ក្រាបទីតាំងអុីនធើណេតបង្កប់ល្បែងស៊ីសងខុសច្បាប់ Live Casino កសាង សំណុំរឿងបញ្ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ផ្ទុយទៅវិញពាក់ ព័ន្ធករណីនេះប្រភពព័ត៌មានលួចបង្ហើបឲ្យដឹងថា តុលាការបានដោះលែងអ្នកមើលការខុសត្រូវ (មេការ ) បាត់ទៅហើយ ។

ពាក់ព័ន្ធករណីនេះកាលពីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ភ្នាក់ងារកាសែត នគរវត្តបានទាក់ទងលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌសែនសុខតាមរយៈ ទូរស័ព្ទ ប៉ុន្តែត្រូវបានលោក ម៉ក់ ហុង

ប្រាប់ វិញថា លោកកំពុងមានការវល់សូមទាក់ទងទៅនាយផ្នែកព្រហ្មទណ្ឌរបស់លោកទៅ។
ចំណែកលោក យឹម ដាវុធ នាយផ្នែក នគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខក៏បាន ប្រាប់ឲ្យដឹងតាមរយៈតាមទូរស័ព្ទនារសៀល ថ្ងៃខែដដែលថា ករណីបង្ក្រាបទីតាំងអុីនធើណេតបង្កប់ល្បែងស៊ីសងខុសច្បាប់ Live Casino លោកបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាំងពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦មកម្លេ៉ះរហូត ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ទើបត្រូវ បានបញ្ចប់នីតិវិធី។

ដោយឡែកការដោះលែងជនសង្ស័យយ៉ាងណានោះលោកមិនបានដឹងទេដោយសារផុតពីសមត្ថកិច្ចរបស់លោករឿងនេះមានតែស្ថាប័នតុលាការនោះទេជាអ្នកសម្រេច ។

ដោយឡែកលោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខប្រាប់ឲ្យដឹងថា ពាក់ព័ន្ធនឹងតុលាការដោះលែងជនសង្ស័យ ក្នុងសំណុំរឿងបង្ក្រាបទីតាំងអុីនធើណេតបង្កប់ល្បែងស៊ីសងខុសច្បាប់ Live Casino យីហោ888 Net ២៤ម៉ោង នៅចំណុចផ្ទះ លេខ១៨៨ ផ្លូវលេខ៣៧១ (ផ្លូវសឡា) ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា នោះលោក មិនដឹងទេ ។ ដូច្នេះបើមានការដោះលែង ពិតមែននោះលោកនឹងស៊ើបអង្កេតបន្ត ទៀត ។

ជាគ្នានេះលោក សាំង សុភៈវិចិត្រ ក៏ បានបញ្ជាក់ឲ្យដឹងថា មុននិងដាក់វិធានការ ចុះបង្ក្រាបទីតាំងអុីនធើណេតបង្កប់ល្បែងស៊ីសងខុសច្បាប់Live Casino នេះគឺកម្លាំង របស់លោកតាមដានមុខសញ្ញាយ៉ាងច្បាស់ លាស់ រហូតចុះបង្ក្រាបជាក់ស្តែង ព្រមទាំង ដកហូតវត្ថុតាងមួយចំនួននិងឃាត់បាន អ្នកមើលការខុសត្រូវមា្នក់(មេការ) ឈ្មោះ ពឿន ចាន់ ភេទប្រុស អាយុ២៦ឆ្នាំ មាន ស្រុកកំណើតនៅភូមិកណ្តាលត្បូង ឃុំ គោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបងផង ដែរ។ ដូច្នេះតាមច្បាប់មិនអាចដោះលែងបាននោះទេ ។

ពាក់ព័ន្ធទៅនឹងសំណុំរឿងនេះកាលពី រសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦នគរវត្តមិនអាចសុំការបំភ្លឺពីលោក ចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានទេដោយសារគ្មានលេខទូរស័ព្ទទំនាក់ទំនង ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង៤ និង២០នាទីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១៦ គណៈបញ្ជាការឯកភាពខណ្ឌ សែនសុខដឹកនាំដោយលោក សាំង សុភៈ វិចិត្រ អភិបាលរងខណ្ឌសែនសុខ តំណាង លោក ប៉ឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខដោយមានចូលរួម ផ្ទាល់ពីលោក គ្រី គឹមឃាន់ ក្រឡាបញ្ជី តំណាងលោក ចែ សុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញផងបានចុះបង្ក្រាបទីតាំងអុីនធើណេតបង្កប់ល្បែងស៊ីសងខុសច្បាប់ Live Casino យីហោ 888 Net ២៤ម៉ោងនៅចំណុចផ្ទះលេខ ១៨៨ ផ្លូវលេខ៣៧១ (ផ្លូវសឡា) ភូមិ អូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ម្ចាស់ទីតាំងអុីនធើណេតបង្កប់ល្បែងស៊ីសងខុសច្បាប់ Live Casinoនេះមាន ឈ្មោះ ជា ណារ៉ា ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ២៦៣ ផ្លូវ វេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ ។ ទីតាំងអុីនធើណេតនេះមាន លិខិតអនុញ្ញាតពីមន្ទីរវប្បធម៌ និងវិចិត្រ សិល្បៈរាជធានីភ្នំពេញចុះថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០១៦ ចុះហត្ថលេខាដោយ លោក ជុំ វុឌ្ឍី ៕ តុង សីហា

09


ចែករំលែក៖