ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិសុខដុមរមនា សង្កាត់កូនក្រៀល ក្រុងសំរោងខេត្តឧត្តរមានជ័យទាំង៤៩ គ្រួសារបានចោទទៅលើអាជ្ញាធរភូមិ សង្កាត់ ក្រុងថា បានឆបោកពួកគាត់ឃុបឃិតជាមួយនឹងអ្នកមានអំណាចរំលោភយកដីស្រែ ចម្ការ និងដីសង់លំនៅឋានដោយប្រើប្រាស់ប្រព័ន្ធតុលាការបំបាក់ស្មារតីដល់ពួកគាត់ ។
រហូតមកដល់ពេលនេះពលរដ្ឋ៤៩ គ្រួសារ ដែលត្រូវបានអ្នកមានអំណាច រំលោភយកដីស្រែចម្ការ២០០ហិកតា និងដីសង់លំនៅឋាន៤០ឡូនោះកំពុងត្រូវបានជាប់និន្នាការដីការបស់សាលាដំបូងខេត្ត ឧត្តរមានជ័យកោះហៅឲ្យចូលខ្លួនបំភ្លឺជាង១០គ្រួសារមកហើយ ។
ប្រជាពលរដ្ឋទាំង៤៩គ្រួរសារបានឲ្យដឹងថាអ្នកស្រី វ័ង្សស៊ីថា មេភូមិសុខដុមរមនា លោកលឿង ណុច ចៅសង្កាត់កូនក្រៀល និងលោកប៉ុល ធី មន្រ្តីសាលាក្រុងសំរោងបានស្នើសុំឲ្យពួកគាត់ចាកចេញពីដីដែលពួកគាត់បានរស់នៅកាន់កាប់និងអាស្រ័យផលដោយធ្វើការដោះដូរឲ្យទៅយកកន្លែងផ្សេងនិងធ្វើបណ្ណកម្មសិទ្ធិជូនដល់ពួកគាត់។តែទីបំផុតបណ្ណដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ផ្ដល់ជូនពួកគាត់ជាបណ្ណក្លែងក្លាយមានតែប្លង់តែមិនមានដី ។
ពួកគាត់រង់ចាំអស់រយៈពេល៤ឆ្នាំគិតត្រឹមដើមខែ៣ ឆ្នាំ២០១៥ លោកវ៉ាត ប៉ារ៉ានីន អភិបាលរងខេត្តឧត្តរមានជ័យបានចុះទៅជួបប្រជុំជាមួយនឹងប្រជាពលរដ្ឋដោយលោកបានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋឲ្យទៅ នៅកន្លែងដើមវិញប្រសិនបើគ្មានការដោះ ដូរ ។ ក្រោយពីពួកគាត់បាននាំគ្នាមកនៅលើដីរបស់ពួកគាត់វិញទើបដឹងថាអាជ្ញាធរនិងអ្នកមានអំណាចបានឃុបឃិតគ្នាយកដីរបស់ពួកគាត់និងធ្វើបណ្ណកម្មសិទិ្ធរួច រាល់ទៀតផង ។
នៅពេលពួកគាត់មកនៅលើដីរបស់ ពួកគាត់វិញចាប់តាំងពីខែឧសភា ឆ្នាំ២០១៥ ក៏ស្រាប់តែមានដីកាពីអយ្យការអមសាលា ដំបូងខេត្តឧត្តរមានជ័យឲ្យចូលខ្លួនបំភ្លឺដោយមានដើមបណ្ដឹងឈ្មោះនួន អេត ស្នងការរង នគរបាលខេត្តឧត្តរមានជ័យ ទី២លោក អនុសេនីយ៍ ឯកជាសម្រេចប្រធានការិយាល័យទី២ប្រចាំនៅក្រុងសំរោង និងនាយ ទាហានមួយចំនួននៃទិសទី៣សមរភូមិ មុខផងដែរជាមួយនឹងអាជ្ញាធរពាក់ព័ន្ធ ខាងលើ ។
ឥឡូវនេះប្រជាពលរដ្ឋដែលកំពុងរងគ្រោះខាងលើត្រូវបានប្រឈមនឹងបទចោទនៅសាលាដំបូងខេត្តផងនិងប្រឈមនឹងជីវភាពគ្រួសារផង ផ្លូវមួយកំពុងតែជំរុញឲ្យពួកគាត់ដើរដល់ភាពទាល់ច្រកដោយសារល្បិចកលដ៏អាក្រក់របស់អាជ្ញាធរ ៕ ប៉ែន នួន