ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេសជួយពលការិនី៤នាក់ធ្វើការនៅប្រទេសម៉ាឡេស៊ីត្រឡប់មកស្រុកកំណើត

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស ម៉ាឡេស៊ីបានអន្តរាគមន៍ជួយពលការិនី ខ្មែរចំនួន៤នាក់ត្រឡប់មកកម្ពុជាវិញ ដែលមានឈ្មោះដូចខាងក្រោម៖

ទី១-ពលការិនី ម.ព អាយុ២២ឆ្នាំ មាន ស្រុកកំណើតនៅខេត្តកំពង់ធំ បានទៅដល់ ម៉ាឡេស៊ី ក្នុងខែមីនា ឆ្នាំ២០១៦ និងធ្វើការ ងារតាមផ្ទះ។ ដោយធ្វើការលំបាកពេក នាងបានរត់ចេញពីផ្ទះថៅកែនៅចុងខែ សីហា ឆ្នាំ២០១៦ ហើយត្រូវបានអង្គការ Tenaganita នៅម៉ាឡេស៊ីឲ្យស្នាក់នៅក្នុង អង្គការបណ្តោះអាសន្ន។ អង្គការ Tenaganita បានស្នើសុំអង្គការចាប់ដៃឲ្យជួយផ្តល់សំបុត្រយន្តហោះ និងចេញថ្លៃបង់ពិន័យ ឲ្យការិយាល័យអន្តោប្រវេសន៍។ នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០១៦ អង្គការ Tenaganita និងអង្គការចាប់ដៃបាននាំពលការិនី ម.ព មកប្រគល់ជូនស្ថានទូត។ ស្ថានទូតបានផ្តល់ ការស្នាក់នៅអាហារបរិភោគនិងនាំនាងទៅ បង់ពិន័យនៅការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ព្រមទាំងជូននាងទៅព្រលាន យន្តហោះ ។ ពលការិនីខាងលើបានមក ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ វេលា ម៉ោង៣និង៥៥នាទីរសៀលតាមជើងយន្តហោះលេខAK 534 ។

ទី២-ពលការិនី ក.ស.អ អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង បាន ទៅធ្វើការងារជាអ្នកបោសសម្អាតតាមរយៈ ក្រុមហ៊ុន Century ក្នុងខែធ្នូ ឆ្នាំ២០១៤។ ដោយធ្វើការលំបាកពេកនាងបានស្នើសុំស្ថានទូតជួយទាមទារប្រាក់ខែដែលនៅ សល់ និងជួយឲ្យបានត្រឡប់មកកម្ពុជា វិញ ។ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត នាងទទួលបានលិខិតឆ្លងដែននិងប្រាក់ខែ ដែលនៅសល់ចំនួន៨.៤២៦រីងហ្គីត។

ដោយនាងឈប់ពីការងារមុនកិច្ចសន្យា បញ្ចប់ហេតុនេះពលការិនី ក.ស.អ ត្រូវ ទិញសំបុត្រយន្តហោះខ្លួនឯង។ ពលការិនី ក.ស.អ បានមកដល់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០១៦ វេលាម៉ោង៧និង៣៥នាទីព្រឹកតាមជើងយន្តហោះលេខAK 536។

ទី៣-ពលការិនី ប.ឡ អាយុ២៨ឆ្នាំ មាន ស្រុកកំណើតនៅខេត្តកំពង់ធំ បានទៅដល់ ម៉ាឡេស៊ី ក្នុងខែមីនា ឆ្នាំ២០១៣ តាមរយៈ ក្រុមហ៊ុន Semi-power ហើយធ្វើការជា អ្នកបោសសម្អាត។ ដោយធ្វើការលំបាក ពេកនាងបានស្នើសុំស្ថានទូតជួយឲ្យបាន ត្រឡប់មកកម្ពុជាវិញ។ នាងបានទិញសំបុត្រ យន្តហោះដោយខ្លួនឯង ។

ទី៤-ពលការិនី ជ.ហ អាយុ២៦ឆ្នាំ មាន ស្រុកកំណើតនៅខេត្តកំពង់ស្ពឺ បានទៅដល់ ម៉ាឡេស៊ីក្នុង ខែកក្កដា ឆ្នាំ២០១៥ តាម រយៈក្រុមហ៊ុននៅកម្ពុជា (មិនចាំឈ្មោះ) និងក្រុមហ៊ុន Semewaji Services នៅម៉ាឡេស៊ីហើយធ្វើការជាអ្នកបោសសម្អាត។ ដោយធ្វើការលំបាកពេកនាងបានស្នើសុំស្ថានទូតជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ដោយពុំអាចរង់ចាំថៅកែមកដោះស្រាយបាននាងបានទិញសំបុត្រយន្តហោះដោយខ្លួនឯង ។

ពលការិនីទាំង២បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៣និង៥៥នាទីរសៀលតាមជើងយន្តហោះលេខAK 543 ៕ ហេង សូរិយា

image

ពលការិនីដែលត្រូវរំដោះមកកាន់ប្រទេសកម្ពុជានាពេលកន្លងមក


ចែករំលែក៖