ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ​ម៉ែន ​សំអន​ ​ រាប់បាត្ររំដោះកម្មឧទិ្ទសកុសលជូនអ្នកស្លាប់ជាង១ម៉ឺននាក់​នៅ​សារៈមន្ទីរជាតិ​ទួល​ស្លែង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ​

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រារព្ធពិធីរាបបាត្រ រំដោះកម្ម ឧទិ្ទសកុសល ជូនអ្នកដែលបានស្លាប់ ចំនួន១៤០០០នាក់ នៅសារៈមន្ទីរជាតិទួលស្លែង និងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ឋ អ្នកមានគុណ និងជូនចំពោះយុទ្ធជនអង់អាចក្លាហាន ដែលពលីជីវិតដោយសារការពារទឹកដីមាតុភូមិ ព្រមទំាងឧទ្ទិសកុសលបុណ្យនេះ ដល់វិញ្ញាណក្ខន្ឋ ប្រជាជនខ្មែរស្លូតត្រង់ រាប់លាននាក់ ដែលបានស្លាប់ទាំងអយុត្តិធម៌ ក្រោមអំពើសាហាវយង់ឃ្នង បំផុតក្នុងរបបប៉ុលពត និងជាពិសេសការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ នៅក្នុងសារមន្ទីរជាតិនេះតាំងពីឆ្នាំ១៩៧៥ -១៩៧៩ ។

ពិធីរាបបាត្រនេះបានប្រព្រឹត្ដទៅកាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នំា២០១៦ ស្ថិតនៅសារៈមន្ទីរ ជាតិទួលស្លែងក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងឱកាសនោះលោកស្រីឧបនាយករដ្ឋមន្រ្ដី និងថ្នាក់ដឹកនំាមន្រ្ដីរាជការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៍បាននាំយកបច្ច័យ ព្រមទំាងគ្រឿងឧបភោគ បរិភោគ ភេជ្ជៈ មួយចំនួនវេប្រគេនដល់ព្រះសង្ឃ និង រាបបាត្រ ដល់ព្រះសង្ឃចំនួន ៣៦ អង្គ ផងដែរ ។

លោកស្រី ម៉ែន សំអន បានថ្លែងនូវការអរគុណចំពោះថ្នាក់ដឹកនាំបុគ្គលិកមន្ត្រីរាជការ ទាំងអស់ក្នុងក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច និង ខុទ្ទកាល័យគណៈរដ្ឋមន្ត្រី ក៏ដូចខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ដែលបានចំណាយថវិកា និងកម្លាំងកាយចិត្តចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ នៃរដូវភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរយើង និង សូមជូនពរដល់ មន្ដ្រីរាជការ ប្រជាពលរដ្ឋ សិស្ស និស្សិត បុគ្គលិកគ្រប់ជាន់ថ្នាក់ ចង់ប្រាថ្នាអ្វីៗឲ្យសម្រេចបានដូចបំណង។ ជាមួយគ្នានោះលោកស្រី ក៍បានបួងសួងសូមឲ្យវត្ថុសក្ដិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា សម្ដេចតេជោ និង សម្ដេចកិតិព្រឹទ្ធបណ្ឌិត ក្រុមគ្រួសារសាច់ញាតិទាំងអស់ និង ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសជួបតែសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជារៀងរហូត ។ ក្នុងឱកាសនោះលោកស្រីក៏បានប្រគេនដល់ព្រះសង្ឃ មានគ្រឿងស្លាដក គ្រឿងទេយ្យទាន និងភេសជ្ជះ គ្រប់វត្តនិងបានរាប់បាត្រ ព្រះសង្ឃ ៣៦អង្គ ដើម្បីបញ្ជូនកុសលផលបុណ្យនេះឲ្យញាត្ដិកាទំាង៧សន្ដាន ឲ្យជួបតែសុគតិភពចុះ ៕ សំរិត

 

image1 image2 image3 image4 image5 image6 image7 image9


ចែករំលែក៖