ភ្នំពេញ៖សិល្បករផលិតករ ដែលកំពុងធ្វើសកម្មភាពទាក់ទងនឹងវិស័យសិល្បៈ វប្បធម៌ ដែលបានប្រព្រឹត្តផ្ទុយនឹងក្រមសីលធម៌ អ្នកសិល្បៈនឹងទទួលការពិន័យតាមរយៈការណែនាំ ស្តីបន្ទោស ព្រមានជាលាយលក្ខណ៍អក្សរ ផ្សព្វផ្សាយជាសាធារណៈ ឬផ្អាកមិនឲ្យធ្វើសកម្មភាពទាក់ទងនឹងវិស័យសិល្បៈមួយរយៈពេល ។
ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈកាលពីព្រឹកថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០១៦នេះក្នុងកម្មវិធីសិក្ខាសាសាមតិបំពេញបន្ថែមលើសេចក្តីព្រាង “ក្រមសីលធម៌នៃអ្នកសិល្បៈ”ដែលធ្វើឡើងនៅទីស្តីការក្រសួងក្រោមវត្តមានមន្ត្រី ក្រសួងពាក់ព័ន្ធសិល្បករផលិតករជាច្រើនរូបចូលរួម។
ការបញ្ជាក់នេះដែរគឺក្រោយពេលដែលសិល្បៈផលិតករមួយចំនួនបានប្រើប្រាស់ការងារសិល្បៈរបស់ខ្លួនប៉ះពាល់ទៅដល់សេចក្តីថ្លៃថ្នូរទាំងការជេរប្រមាថការលួច ចម្លងការបញ្ចេញរូបភាពសិចស៊ីជ្រុលហួសហេតុរហូតមានការរិះគន់ច្រើនពីមហាជន។
រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណាបានបញ្ជាក់ថា កិចប្រជុំពិភាក្សាជាមួយនឹងសិល្បករផលិតករពេលនេះគឺចូលរួមលើកកម្ពស់ថែរក្សាការពារសិល្បៈវប្បធម៌ទំនៀមទម្លាប់ប្រពៃណីនិងអត្តសញ្ញាណជាតិនិងទប់ស្កាត់ ផលប៉ះពាល់ដែលមានលក្ខណៈអវិជ្ជមានចំពោះសិល្បៈប្រពៃណីជាតិ។ លោកស្រី បញ្ជាក់ដែរថាកម្មវិធីនេះក៏នឹងកំណត់ពីការដាក់ពិន័យឬស្ថានទម្ងន់ទោស ចំពោះ សិល្បករផលិតករដែលប្រព្រឹត្តខុសទៅ នឹងក្រមសីលធម៌អ្នកសិល្បៈថាគួរដាក់ពិន័យកម្រិតណាមួយ។ លោកស្រីបន្តថាក្រសួងបានថ្លឹងថ្លែងអំពីសិទ្ធិសេរីភាពក្នុងការ បញ្ចេញមតិនិងក្របខ័ណ្ឌសីលធម៌ព្រោះតែវាពិបាកក្នុងការកំណត់ណាមួយដូចបន្ទាត់ឬជញ្ជាំងឲ្យជាក់លាក់។
លោកស្រីបញ្ជាក់ថា ក្រសួងមិនចង់ ត្រួតពិនិត្យគ្រប់បទចម្រៀង ប៉ុន្តែក្រសួង ចង់ឲ្យសិល្បករផលិតករពិនិត្យខ្លួនឯង សិនថាវាគួរឬមិនគួរថាតើធ្វើទៅវាបានប្រយោជន៍ទេសម្រាប់សង្គម។ លោកស្រី បញ្ជាក់ថា អ្នកស្តាប់ទស្សនិកជនមិនមែនល្ងង់ទេហើយប្រសិនបើស្នាដៃណាមួយ ទទួលបានការរិះគន់ច្រើនក្រសួងក៏ពិចារណាក្នុងការហាមប្រាមមិនឲ្យចេញផ្សាយដែរ។ លោកស្រី រដ្ឋមន្ត្រីក្រសួងវប្បធម៌ស្នើឲ្យសិល្បករផលិតករទាំងអស់គិតពីតម្លៃជាតិកិត្តិយសសេចក្តីថ្លៃថ្នូររបស់ខ្លួននិងសង្គមជាតិជាជាងគិតតែពីប្រាក់តែមួយមុខ។ លោកស្រីថាការមិនឈ្វេងយល់និងមិនស្គាល់ពីតម្លៃជាតិនាំឲ្យកិត្តិយសខ្លួនឯងជាអ្នកច្រៀង អ្នកនិពន្ធ អ្នកដឹកនាំបាត់បង់ តម្លៃដែរ។
ទោះជាយ៉ាងណាកន្លងមកមានសិល្បករផលិតករមួយចំនួននៅតែមិនខ្លាចរអាក្រសួង និងមិនទទួលយកការរិះគន់ពី មហាជននោះដែរ។ទាក់ទងនឹងបញ្ហានេះលោកស្រីរដ្ឋមន្ត្រីលើកឡើងថា ក្រសួងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើវិធានណាមួយ ប៉ុន្តែក្រសួងមិនចង់ធ្វើបែបប៉ះដៃយកដៃប៉ះជើងយកជើងនោះទេ គឺក្រសួងមិនចង់ឲ្យសិល្បករផលិតករបោសសំរាមនៅលើថ្នល់ទេគឺចង់ឲ្យពួកគាត់មានការភ្ញាក់រលឹកថាអ្វីដែលគួរធ្វើអ្វីដែលមិនគួរធ្វើ។ លោកស្រីជឿជាក់ថា កម្មវិធីសិក្ខាសាលានៅពេលនេះនឹងក្លាយជាការបង្កើនចំណេះដឹងនិងជាផែនទីបង្ហាញផ្លូវសម្រាប់សិល្បករផលិតករយកទៅអនុវត្ត៕ វឌ្ឍនា