ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវដល់អ្នកផ្ទុកមេរោគអេដស៍ទាំងអស់ទៅមណ្ឌលសុខភាពឱ្យបានទៀងទាត់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានអំពាវនាវដល់អ្នកផ្ទុកមេរោគ អេដស៍ទាំងអស់ សូមអញ្ជើញទៅមណ្ឌល សុខភាព ឬមន្ទីរពេទ្យឱ្យបានទៀងទាត់ ទៅតាមការកំណត់របស់គ្រូពេទ្យ ហើយ បើយើងជាអ្នកផ្ទុកសូមកុំចម្លងទៅអ្នកដទៃទៀត ចំពោះអ្នកមានផ្ទៃពោះត្រូវទៅពិគ្រោះ ជាមួយគ្រូពេទ្យ និងសម្រាលកូននៅមណ្ឌល សុខភាព ដើម្បីកុំឱ្យឆ្លងពីម្តាយទៅទារក ។ ចំណែកស្ត្រីមានផ្ទៃពោះទូទៅត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ ហើយត្រូវ សម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរ ពេទ្យដែលនៅជិត។
ម្យ៉ាងវិញទៀត សូមលោកយាយលោក តា បងប្អូនក្នុងគ្រួសារនីមួយៗ ពិសាទឹកឆ្អិននិងធ្វើអនាម័យជុំវិញផ្ទះដើម្បីជួយសម្រាល អត្រាឈឺក្នុងផ្ទះ។ សូមចងចាំថា បើមានជំងឺ ហើយគឺសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះហើយ ។

ទន្ទឹមនឹងនោះប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុគ្រប់បោះឆ្នោត សូមអញ្ជើញ ទៅចុះឈ្មោះបោះឆ្នោត ដើម្បីបំពេញតួនាទីជាប្រជាពលរដ្ឋក្នុងការជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត និងអាចនាំប្រទេសជាតិឱ្យរក្សាបានសុខសន្តិភាពនិងការអភិវឌ្ឍបន្តទៅមុខទៀត ។

សេចក្តីអំពាវនាវនេះធ្វើឡើង ក្នុងឱកាសនៃពិធីសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាជូនដល់មនុស្សចាស់គ្មានទីពឹង ស្ត្រី មេម៉ាយ និងគ្រួសារអ្នកផ្ទុកមេរោគអេដស៍ ១.៤៥០គ្រួសារ នៅស្រុកតំបែរ ខេត្តត្បូង ឃ្មុំ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ៕ ហេង សូរិយា

red-5 red-1 red-2 red-3


ចែករំលែក៖