ភ្នំពេញ៖ កាលពីវេលាម៉ោង៣ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលាខណ្ឌទួលគោក ដែលដឹកនាំ ដោយលោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលខណ្ឌ បានធ្វើពិធីវាយកំទ្ទេចទូហ្គេម ទូ ដែលគណៈបញ្ជាការ ចុះប្រតិបត្តិការ តាំងពីដើមខែសីហាឆ្នាំ២០១៦ រហូតមកនេះ។និងសំណោះសំណាជាមួយមន្រ្តីសាលាខណ្ឌទួលគោកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
លោកអភិបាលខណ្ឌ បានមានប្រសាសន៍ថា ដើម្បីលុបបំបាត់ល្បែងស៊ីសងក្នុងមូលដ្ឋានស្របតាមគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព និងដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ឱ្យបានល្អផងដែរនោះ សាលាខណ្ឌទួលគោកបានវាយកម្ទេចទូហ្គេមប្រភេទល្បែងសីុសងចំនួន៥៨ទូ ក្នុងនោះមានហ្គេមប្រភេទបាញ់ត្រីចំនួន១២ទូ ទូហ្គេមបៀចំនួន៤៦ជាទូហ្គេមប្រភេទតុកត្តាដែលគ្មានច្បាប់អនុញ្ញាត ត្រូវបានវាយកម្ទេច ។
លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក បានមានប្រសាសន៍បន្តថា ទូហេ្គមទាំង៥៨ទូនេះ ត្រូវបានរឹបអូសពីកន្លែងធើ្វអាជីវកម្មខុសច្បាប់ជាច្រើនកន្លែងនៅក្នុងខណ្ឌទួលគោកខណៈដែលពួកគេលួចបើកលេងទាំងយប់ទាំងថ្ងៃ ដោយពុំមានសុំការអនុញ្ញាតពីអាជ្ញាធរដែនដីនោះឡើយ ។
គួររំលឹកផងដែរទូហេ្គមទាំងនេះ គឺជាប្រភេទហេ្គមល្បែងស៊ីសងដែលធើ្វបង្វក់សិស្សានុសិស្ស នឹងយុវវ័យមួយចំនួនលះបង់ការសិក្សាចូលទៅលេងហេ្គម ទាំងនោះដែរបំផ្លាញលុយ ឬទ្រព្យសម្បត្ដិរបស់អាណាព្យាបាល ។
លើសពីនេះទៀត វាបានធើ្វឱ្យមានផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សន្ដិសុខសង្គម តាមរយៈលេងហេ្គមចាញ់អស់លុយ ធើ្វឱ្យសិស្សានុសិស្ស ឬយុវវ័យទាំងនោះអាចប្រព្រឹត្ដ អំពើដូចជា លួច ឆក់ ប្លន់ ដែរបង្កអសន្ដិសុខសង្គមជាដើម ៕ ស រស្មី