ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុនចិនដែលរកស៊ីជាមួយកូរ៉េខាងជើងដូចជាជួយដល់កម្មវិធីបរមាណូ

ចែករំលែក៖

អាមេរិកបានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិន និងបុគ្គល៤នាក់ដែលជាប់ពាក់ ព័ន្ធក្នុងការជួយដល់កូរ៉េខាងជើងគេចពី ច្បាប់ដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ និងជាសកម្មភាពជួយដល់កម្មវិធីបរមាណូរបស់ទីក្រុងព្យុងយ៉ាងផងដែរ។

ក្រុមហ៊ុន Dandong Hongxiang ត្រូវ បានចោទប្រកាន់ថាបានជំនួសមុខឲ្យធនាគារកូរ៉េខាងជើងដែលទទួលរងការដាក់ ទណ្ឌកម្មពីសហគមន៍អន្តរជាតិដើម្បីរារាំងកម្មវិធីបរមាណូរបស់ទីក្រុងព្យុងយ៉ាង។ ការ ដាក់ទណ្ឌកម្មក្រោយពេលដែលកូរ៉េខាង ជើងបានសាកល្បងគ្រាប់បែកបរមាណូលើកទី៥ កាលពីដើមខែបង្កឲ្យមានប្រតិ កម្មយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។

ក្រៅពីការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន អាមេរិកក៏បានដាក់ទណ្ឌកម្មទៅលើបុគ្គល៤រូបមាន Ma Xiaohong , Xhou Jianshu ,HongJinhua និង La chuanxu ដែលមានចេតនាបំពានច្បាប់និងចូលរួមក្នុងសកម្មភាពលាងលុយខ្មៅផងដែរ។

បច្ចុប្បន្នកូរ៉េខាងជើងកំពុងទទួលរងការ ដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិ៥ផ្សេងគ្នាចាប់តាំងពីប្រទេសនេះបានសាកល្បងគ្រាប់បែកបរមាណូលើកទីមួយនៅឆ្នាំ២០០៦។ ជាមួយគ្នានោះកូរ៉េខាងជើងបានបាញ់មីស៊ីលជាច្រើនគ្រាប់ក្រោយការដាក់ទណ្ឌកម្មនោះ ដែលជាការឆ្លើយតបទៅកាន់សហគមន៍អន្តរជាតិដូចជាសព្វដង ដែលប្រទេសនេះបានធ្វើ។

ក្រុមហ៊ុនចិននៅតាមព្រំដែនដើរតួនាទីយ៉ាងសំខាន់នៅក្នុងកម្មវិធីបរមាណូកូរ៉េខាង ជើង បើគ្មានចិនទេនោះកម្មវិធីបរមាណូក៏គ្មានប្រាក់ដើម្បីបន្តផងដែរ។

ទាំងនោះហើយបានជាអ្នកវិភាគលើកឡើងថាចិនគឺជាអ្នកកាន់កូនសោកម្មវិធីបរមាណូកូរ៉េខាងជើង។ មូលនិធិសម្រាប់កម្ម វិធីបរមាណូរបស់កូរ៉េខាងជើងត្រូវបានគេដឹងថា បានមកពីការរកស៊ីជាមួយចិននៅគ្រប់វិស័យក្នុងនោះមានវិស័យកសិកម្មជាដើមដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់ កូរ៉េខាងជើងសម្រេចនូវកម្មវិធីបរមាណូ របស់ខ្លួន។

បើចិនចង់ចាក់សោកម្មវិធីបរមាណូកូរ៉េខាងជើងជារឿងងាយស្រួលបំផុតដោយគ្រាន់តែផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច។ ប៉ុន្តែ ចិនបានដឹងយ៉ាងច្បាស់ពីសត្រូវរបស់ខ្លួនទាំងនោះហើយបានជាទុកឱកាសដល់កូរ៉េខាងជើងដើម្បីគំរាមកំហែងអាមេរិកជំនួសខ្លួន។

អាចនិយាយបានថា កូនសោកម្មវិធី បរមាណូរបស់កូរ៉េខាងជើងគឺនៅក្នុងដៃ ប្រទេសចិន ហើយបើចិនមិនបិទភ្នែកទេនោះកូរ៉េខាងជើងមិនអាចបន្តកម្មវិធីបរមាណូនិងកាំជ្រួចមីស៊ីលបានឡើយ។ សេដ្ឋកិច្ចកូរ៉េខាងជើងអាស្រ័យភាគច្រើនទៅលើប្រទេសចិនការនាំចេញ៨០ភាគរយ រាល់ទំនិញរបស់កូរ៉េខាងជើងគឺទៅប្រទេស ចិន។

កូរ៉េខាងជើងនិងអុីរ៉ង់បានបន្ដកម្មវិធីបរមាណូធ្វើឱ្យពិភពលោកព្រួយបារម្ភយ៉ាង ខ្លាំង។ ថាតើឥទ្ធិពលរបស់ចិនមានជម្រៅប៉ុនណានៅក្នុងទំនាក់ទំនងជាមួយបណ្ដាប្រទេសកំពុងតែបង្កើតកម្មវិធីបរមាណូនោះ? រហូតមកទល់ពេលនេះនៅតែជា សំណួរមិនទាន់រកចម្លើយឃើញនៅឡើយ ៕ ម៉ែវ សាធី

bn-ne204_0320zt_j_20160320175149


ចែករំលែក៖