ភ្នំពេញ : ប្រជាពលរដ្ឋជាអ្នកដំណើរ ក៏ដូចជាអ្នករស់នៅ អមសងខាងផ្លូវបេតុងមួយខ្សែ នៅខាងជើងវត្តទួលសុវណ្ណារាមហៅវត្តទួលសង្កែ ខូចក្រហេងក្រហូង ដូចថ្លុកក្របីហើយ សូមអាជ្ញាធរខណ្ឌឬស្សីកែវ និងមន្ទីរសារធារណ:ការ និងដឹកជញ្ជូន ជួយចុះពិនិត្យមើលផង កុំទុកឲ្យផ្លូវមួយខ្សែនេះ ខូចធ្ងន់ធ្ងរទៅជាថ្លុកក្របី។
ទីតាំងផ្លូវនេះ នៅផ្លូវលេខ៩០៧ ស្ថិតនៅក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋបានលើកឡើងថា ផ្លូវមួយខ្សែនេះ ចាប់ខូចជាយូរមកហើយ ដោយកាលពីមុនមានក្រឡុកតូចទេ ឥឡូវនេះក្រឡុកចាប់រីកធំទៅៗ ហើយក៏មិនដែលឃើញមានមន្រ្តីជំនាញខណ្ឌ រឺក៏មន្ទីរសាធារណ:ការចុះមកត្រួតពិនិត្យទេ គឺទុកឲ្យផ្លូវនេះខូចកាន់តែខ្លាំងទៅៗ ដូចថ្លុកក្របីហើយ។
លើសពីនេះទៀត អាជ្ញាធរដែនដីមិនធ្លាប់យកចិត្តដាក់រឿងនេះឡើយ គឺទុកឲ្យផ្លូវខូចក្លាយជាជង្ហុក ក្រហេង ក្រហូង ធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ពិបាកខ្លាំងណាស់។ ដូច្នេះប្រជាពលរដ្ឋ សំណូមពរដល់សាលារាជធានីភ្នំពេញ ជាពិសេសសាលាខណ្ឌឬស្សីកែវ និងមន្ទីរសាធារណៈការមេត្តាចុះទៅ ពិនិត្យមើល និងធ្វើ ការជួសជុលផ្លូវនេះឡើងវិញផងកុំទុកឲ្យផ្លូវមួយខ្សែនេះខូចធ្ងន់ធ្ងរជាងនេះទៀត។
គួរបញ្ជាក់ផងដែរថា នាពេលកន្លងមក លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានព្រមានត្រង់ៗទៅអភិបាលគ្រប់ខណ្ឌក្រោមឱវាទ គឺតម្រូវឲ្យមានការទទួលខុសត្រូវ ជាពិសេសលើការងារជួសជុល និងថែទាំប្រព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធលូក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងការរស់នៅរបស់ប្រជាពលរដ្ឋ បើការងារនេះ ធ្វើមិនបានទេ មានន័យថា អសមត្ថភាព ចឹងគួរដើរចេញតែម្តងទៅ ទុកឲ្យគេមានសមត្ថភាពធ្វើម្តង ៕ ជ្រោយពេជ្រ