ព័ត៌មានទាន់ហេតុការណ៍៖

ករណីឃាតកម្ម!ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ នៅក្នុងប្រឡាយទឹកខាងជើងវត្តធម្មត្រៃយ៍​ ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋ បានប្រទះឃើញសាកសពបុរសម្នាក់ ស្លាប់នៅក្នុងប្រឡាយទឹកខាងជើងវត្តធម្មត្រៃយ៍ ដោយមានផ្លែដែកឆាបចាក់ជាប់នឹងគុម្ពត្រចៀក និងមានខ្សែលីឡុងរឹតជាប់នឹងកសាកសព យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី ៣ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចប្រឡាយទឹកជាប់ផ្លូវ ៣០ម៉ែត្រ ខាងជើងវត្តធម្មត្រៃយ៍ ក្នុងភូមិធម្មត្រៃយ៍ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលជំនាញដែលបានចុះទៅធ្វើការពិនិត្យដល់កន្លែងកើតហេតុបានឲ្យដឹងថា សាកសពជនរងគ្រោះរូបនេះ មានឈ្មោះ យឹម ម៉េង ភេទប្រុស អាយុប្រហែលជាង៤០ឆ្នាំ មុខរបរជាអ្នកគប់ជេរម៉ូតូម្តុំអូរឬស្សី ស្នាក់នៅម្តុំផ្សារកណ្តាល ក្នុងខណ្ឌដូនពេញ ដោយធ្លាប់មានប្រពន្ធស្នាក់នៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ ប៉ុន្តែបច្ចុប្បន្នអ្នកទាំង២បានលែងលះគ្នាទៅហើយ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋបានប្រទះឃើញសាកសពជនរងគ្រោះខាងលើនេះ អណ្តែតក្នុងទឹកប្រឡាយជាប់ផ្លូវខាងលើមានសភាពហើមរលួយទៅហើយ ស្លៀកខោជើងវែងពណ៌ខ្មៅ ពាក់អាវដៃវែងឆ្នូត និងមានមួកការពារក្បែសាកសពចំនួន០១ ទើបបង្ករឲ្យមានការភ្ញាក់ផ្អើល នាំគ្នារាយការណ៍ជូនសមត្ថកិច្ចនគរបាលមូលដ្ឋាន ចុះមកធ្វើការពិនិត្យ ។

ក្រោយពីទទួលបានសេចក្តីរាយការណ៍នេះរួចមក កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌដង្កោ សហការជាមួយនឹងនគរបាលជំនាញផ្នែកកោសល្យវិច្ឆ័យខណ្ឌនិងក្រុង ចុះមកធ្វើការស្រង់សាកសពជនរងគ្រោះឡើងមកលើគោកបានឲ្យដឹងថា សាកសពជនរងគ្រោះរូបនេះ ស្លាប់ដោយត្រូវបានគេចាក់នឹងផ្លែដែកឆាប ចំគុម្ពត្រចៀក និងមានខ្សែរឹតកជាប់នឹងកជនរងគ្រោះ រួមនិងមានមួកការពារក្បែសព រហូតដល់ស្លាប់បែបនេះ។

ដូច្នេះជាជំហានដំបូង សមត្ថកិច្ចសន្និដ្ឋានថា ទី១ ករណីនេះអាចជាករណីឃាតកម្មសម្លាប់ជនរងគ្រោះ រួចត្រូវបានគេយកមកទម្លាក់ចោលនៅក្នុងទឹកប្រឡាយខាងលើ ។ ចំណែកទី២ អាចជាករណីឃាតកម្មសម្លាប់ជនរងគ្រោះប្លន់យកម៉ូតូ ហើយបច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកមកតម្កល់ទុកនៅវត្តឬស្សីសាញ់ ដើម្បីរង់ចាំក្រុមគ្រួសារមកពិនិត្យនិងទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឃាតករ ដែលជាជនដៃដល់ សមត្ថកិច្ចកំពុងតែបើកការស្រាវជ្រាវ តាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ ជីម ភារ៉ា ដង្កោ

img_8406 img_8410


ចែករំលែក៖