ប្រភពព័ត៌មានប៊ីប៊ីស៊ីបានផ្សាយនៅថ្ងៃទី៥ ខែតុលាថា ប៉ូលិសថៃ បានចាប់ឃុំខ្លួនមេដឹកនាំក្រុមបាតុករនិស្សិតហុងកុងដ៏ល្បីល្បាញមួយរូបឈ្មោះ Joshua Wong ខណៈដែលឈានជើងមកដល់ទីក្រុងបាងកក អាកាសយានដ្ឋានសុវណ្ណភូមិ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្ស Demosisto ហុងកុង ។
ប្រភពនេះបានដកស្រង់ពីសកម្មជននិស្សិតប្រទេសថៃ Netiwit Chotipatpaisal ដែលជាអ្នកបានអញ្ជើញ Joshua Wong ឲ្យមកកាន់ទីក្រុងបាងកក ហើយបាននិងកំពុងរង់ចាំទទួលគាត់នោះ ។
មន្ត្រីរដ្ឋាភិបាលយោធាថៃ បដិសេធន៍ផ្តល់ព័ត៌មានជុំវិញការបញ្ជាឲ្យឃុំខ្លួនមេបាតុករនិស្សិតហុងកុងខាងលើរូបនេះឡើយ ។
មេដឹកនាំយោធាថៃបានធ្វើរដ្ឋប្រហារ និងចូលកាន់អំណាចតាំងពីឆ្នាំ២០១៤ ហើយមន្ត្រីអន្តោប្រវេសន៍បានសម្រេចហាម Joshua Wong ទោះក្នុងហេតុផលណាក៏ដោយ ចូលក្នុងទឹកដីថៃ ។ ពលរដ្ឋហុងកុងដទៃផ្សេងទៀត អាចចូលមកប្រទេសថៃបានរយៈពេល៣០ថ្ងៃដោយមិនចាំបាច់មានទិដ្ឋាការ ។
Joshua Wong ជាមេដឹកនាំបាតុកររបស់ចលនានិស្សិតប្រចាំនៅហុងកុងប្រឆាំងចិនដ៏មានឥទ្ធិពល ។ គេបានដឹកនាំបាតុកម្មដែលគេស្គាល់ឈ្មោះថា ចលនាឆត្រនោះ ធ្វើឲ្យហុងកុងមួយផ្នែកត្រូវរាំងស្ទះ គាំងដំណើរជិត៣ខែ ។
និស្សិត Joshua Wong អាយុ១៩ឆ្នាំ ត្រូវក្រុមនិស្សិតនៅប្រទេសថៃ ដែលតំណាងដោយឈ្មោះ Netiwit អញ្ជើញឲ្យមកថ្លែងសុន្ទរកថា ដល់និស្សិតសាកលវិទ្យាល័យចូឡាឡុងកន ខណៈប្រារព្ធខួបលើកទី៤០ ទិវាអនុស្សាវរីយ៍ទៅលើការសម្លាប់រង្គាលលើក្រុមនិស្សិតថៃក្នុងឆ្នាំ១៩៧៦ ។
លោក Netiwit ថ្លែងថា ប៉ូលិសថៃបានទទួលលិខិតមួយច្បាប់ពីរដ្ឋាភិបាលចិនពាក់ព័ន្ធដំណើរទស្សនកិច្ចរបស់ Joshua Wong ទៅកាន់ទីក្រុងបាងកក ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គណបក្ស Demosisto ។
លោក Netiwit បានប្រាប់បណ្តាញព័ត៌មាន South China Morning Post ថា នៅមុនដំណើរមកដល់របស់ Joshua Wong នោះ នៅប្រទេសថៃអាចមានការបាតុកម្មស្រដៀងចលនាឆត្រ ដូចនៅហុងកុងអ៊ីចឹងដែរ ៕ ថាច់ យ៉ាត