ព័ត៌មានទាន់ហេតុការណ៍៖

ប្រធាន​បាល់ទាត់​ថៃ លោកស្រី Pang សុំទោស​វៀតណាម​ផ្ទាល់រឿងច្រឡំទង់ជាតិ

ចែករំលែក៖

ប្រធានសមាគមកីឡាបាល់ទាត់ថៃ (FAT) លោកស្រី Nualphan Lamsam ដែលត្រូវបានគេស្គាល់ថា Madam Pang បានទៅជួបស្ថានទូតវៀតណាមក្នុងទីក្រុងបាងកក ដើម្បីសុំអភ័យទោសដោយផ្ទាល់ បន្ទាប់ពីទង់ជាតិវៀតណាមត្រូវបានជំនួសដោយទង់ជាតិចិនដោយច្រឡំអំឡុងពេលចាប់ឆ្នោតសម្រាប់ពានរង្វាន់យុវជនអាស៊ាន U19 ។

លោកស្រី Pang បានជួបជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសថៃ លោក Pham Viet Hung នៅម៉ោងប្រហែល ៣ រសៀល កាលពីថ្ងៃទី៣០ ខែតុលា ហើយបានផ្តល់ផ្កា និងសុំទោសជាផ្លូវការដល់ប្រជាជនវៀតណាម និងសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF)។ 

លោកស្រូបាន​និយាយ​ថា លោកស្រីយល់​ពី​ការ​ខក​ចិត្ត​ដែល​ឧប្បត្តិហេតុ​នេះ​បាន​បង្ក​ឡើង ហើយ​សង្ឃឹម​ថា​នឹង​មាន​ការ​អភ័យទោស ដោយ​សង្កត់​ធ្ងន់​ថា​កំហុស​នោះ​គឺ​ជា​ការ​អចេតនា​ទាំង​ស្រុង។

យោងតាម ​​FAT ឯកអគ្គរដ្ឋទូត Hung បានកោតសរសើរចំពោះភាពស្មោះត្រង់ និងសកម្មភាពរហ័សរបស់ លោកស្រី Pang ក្នុងការដោះស្រាយបញ្ហា ដោយបញ្ជាក់ថាវាជាកំហុសអចេតនាដែលធ្វើឡើងដោយអ្នករៀបចំព្រឹត្តិការណ៍។

មួយថ្ងៃមុននេះ FAT ក៏បានបញ្ជូនគណៈប្រតិភូទៅទីក្រុងហាណូយ ដឹកនាំដោយអនុប្រធាន Adisak Benjasiriwan ដើម្បីធ្វើការសុំទោសជាផ្លូវការទៅកាន់ VFF ដែលធ្វើជាសាក្សីដោយលោក Winston Lee អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF)។ VFF បាន​ទទួល​ស្គាល់​ការ​សុំទោស ដោយ​សរសើរ​ចំពោះ​ការ​ឆ្លើយ​តប​យ៉ាង​សកម្ម និង​គួរ​ឱ្យ​គោរព​របស់ FAT។

កំហុសទង់ជាតិស្រដៀងគ្នានេះបានកើតឡើងពីមុននៅក្នុងកីឡាអាស៊ីអាគ្នេយ៍ ដែលគួរឱ្យកត់សម្គាល់បំផុតនៅពេលដែលទង់ជាតិរបស់ប្រទេសឥណ្ឌូនេស៊ីត្រូវបានបោះពុម្ពបញ្ច្រាសនៅស៊ីហ្គេមឆ្នាំ 2017 និង 2023 ។ ក្នុងឆ្នាំ 2017 រដ្ឋមន្ត្រីកីឡាម៉ាឡេស៊ីបានជួបសមភាគីឥណ្ឌូនេស៊ីដោយផ្ទាល់ដើម្បីសុំទោស។ ការប្រកួតហ្វូតសាលជើងឯកអាស៊ាន U19 ឆ្នាំ 2025 នឹងប្រព្រឹត្តទៅពីថ្ងៃទី 23 ដល់ 29 ខែធ្នូ នៅខេត្ត Nonthaburi ប្រទេសថៃ ដែលមានក្រុមចំនួន 7 គឺ ថៃ វៀតណាម ប្រ៊ុយណេ ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងកម្ពុជា។ វៀតណាម​នឹង​ត្រូវ​ប្រកួត​ក្នុង​ពូល A ជាមួយ​ម្ចាស់ផ្ទះ​ថៃ និង​ប្រ៊ុយណេ៕


ចែករំលែក៖