ព័ត៌មានទាន់ហេតុការណ៍៖

បេសកកម្ម៥ថ្ងៃប្រមូលឈើខុសច្បាប់ក្នុងក្រុមហ៑ុនហ្រ្កេតហ្វៀលឲ្យអស់

ចែករំលែក៖

ខេត្តកំពង់ស្ពឺៈ ជាការកត់សំគាល់របស់មជ្ឈដ្ឋានប្រជាពលរដ្ឋ គឺអភិបាលខេត្តច្រើននាក់មកហើយមិនសូវចាប់អារម្មណ៍ ទប់ស្កាត់បទល្មើសព្រៃឈើនោះទេបើទោះជាដឹងថា ទីតាំងក្រុមហ៑ុនហ្រ្កេតហ្វៀល ជាជំរកលាក់បាំង ឈើខុសច្បាប់យ៉ាងណាក្តី ធ្វើឲ្យឈ្មួញមានឱកាសដឹកជញ្ជូនយកទៅលក់តាមអំពើចិត្ត ក្រោមលេសថា ជាឈើចេញពីក្រុមហ៑ុន ។

តែពេលនេះ លោកវុី សំណាង អភិបាលខេត្តបច្ចុប្បន្នបានចេញ បេសកកម្មអោយមន្ត្រីរដ្ឋបាលព្រៃឈើ សហការជាមួយមន្ត្រីបរិស្ថានដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ កម្លាំងកងរាជអាវុធហត្ថខេត្តចុះប្រមូលរឹបអូសយកមកជាសម្បត្តិរដ្ឋ ។

លោកវុី សំណាង អភិបាលខេត្តបានប្រាប់តាមទូរស័ព្ទថា លោកបានចេញបេសកកម្មអោយមន្ត្រីជំនាញចុះរឹបអូសឈើខុសច្បាប់ក្នុងក្រុមហ៑ុនខាងលើពិតមែន ក្រោយទទួលសេចក្តីរាយការណ៍ថាទីតាំងក្រុមហ៑ុនមួយនេះ បានបើកអោយក្រុមឈ្មួញយកឈើពីខាងក្រៅមកលាក់ទុកនៅទីនេះ ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ចថា ជាឈើស្របច្បាប់របស់ក្រុមហ៑ុន ។

លោកបន្តថា ល្បិចបំភ័ន្តភ្នែកនេះ ធ្វើបានកាលពីជំនាន់មុន តែជំនាន់នេះ មិនអាចលេងល្បិចបែបនេះបានទៀតទេ ។ លោកថា ពេលនេះកំពុងរង់ចាំរបាយការណ៍ពីក្រុមការងារដែលចុះទៅផ្ទាល់នៅទីនោះថា តើប្រមូល និងរឹបអូសបានឈើប៉ុន្មានដុំ ។

ក្នុងបេសកកម្មចុះប្រមូលឈើខុសច្បាប់ក្នុងក្រុមហ៑ុនភអេសខេវី មានអភិបាលរងខេត្ត និងតំណាងអយ្យការចូលរួមដឹកនាំព្រមទាំងកម្លាំងកងរាជអាវុធហត្ថខេត្ត មន្ត្រីរដ្ឋបាលព្រៃឈើខេត្ត ជំនាញបរិស្ថានជាច្រើនរូបទៀត ។

មន្ត្រីរដ្ឋបាលព្រៃឈើមួយរូប បានបង្ហើបប្រាប់នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ថា កម្លាំងរដ្ឋបាលព្តៃឈើ សហការនឹងដែនជំរកក្រោមបញ្ជារបស់លោកអភិបាលខេត្ត បានចុះទៅទីតាំងក្រុមហ៑ុនខាងលើដើម្បីត្រួតពិនិត្យ និងដកហូតឈើខុសច្បាប់ ដែលក្រុមឈ្មួញបានយកទៅលាក់ទុកនៅទីនេះមកធ្វើជាសម្បត្តិរដ្ឋ ។ ទីតាំងក្រុមហ៑ុននេះ ត្រូវបានរាយការណ៍ថា មានដាក់ម៉ាសុីនរ៉ៃខុសច្បាប់ជាច្រើនគ្រឿង ដើម្បីអារឈើទាំងនេះ។ ក្នុងការដាក់ផ្ញើឈើដើម្បីទុកអារហើយដឹកចេញមកលក់ខាងក្រៅក្រោមលេសថា ជាឈើក្រុមហ៑ុននេះ គឺក្រុមឈ្មួញបានបង្កើតទំនាក់ទំនងល្អជាមួយអ្នកគ្រប់គ្រង ក៏ដូចជាមេការក្រុមហ៑ុនដើម្បីបានដាក់ឈើចូលដើម្បីទុកអារលក់ចេញទៅក្រៅ បើមិនមានទំនាក់ទំនងល្អទេ នាយកក្រុមហ៑ុន ក៏ដូចជាមេការមិនអនុញាតិអោយដឹកឈើចូលឡើយ ។ ជាងនេះទៅទៀត អាចនឹងមានការបង់លុយពីសំណាក់ឈ្មួញទៅអោយអ្នកគ្រប់គ្រង ឬមេការទៀតផង ទើបអាចនាំឈើចូលពីខាងក្រៅមកទុកក្នុងបរិវេណក្រុមហ៑ុនបាន បើមិនដូច្នោះទេ ក្រុមឈ្មួញមិនត្រូវបានអនុញាតិអោយនាំឈើចូលក្នុងបរិវេណក្រុមហ៑ុនឡើយ ។

ប្រភពដដែលបានបន្តថា បេសកកម្មនេះ មានរយៈពេល៥ថ្ងៃធ្វើយ៉ាងណាប្រមូលឈើទាំងនេះ យកមកខេត្តអោយអស់ ។ ជំហានដំបូង ក្រុមជំនាញកំពុងតែរាប់ឈើដែលតាមការប៉ាន់ស្មាន ឈើទាំងអស់ជាង១០០០ដុំឯណោះតែពេលនេះ រាប់បនញតើរៗបានជាង៥០០ដុំហើយ ដែលឈើទាំងនេះ ជាឈើដែលដឹកមកពីក្រៅបរិវេណក្រុមហ៑ុន ជាឈើដែលពលរដ្ឋចូលទៅកាប់ក្នុងទឹកដីកោះកុង យកមកលក់អោយឈ្មួញទើបឈ្មួញយកមកលាក់ទទុកបន្តដើម្បីអារច្រៀកដើម្បីបំភ័ន្តថាជាឈើក្រុមហ៑ុន ។

រហូតមកដល់ពេលនេះ ក្រុមសមត្ថកិច្ចកំពុងតែបើកប្រតិបត្តិការរុករកបន្ត ខណៈដែលក្រុមហ៑ុនមួយនេះ ឃើញម៉ាសុីនរ៉ៃសំរាប់អារច្រៀកឈើនៅក្នុងបរិវេណប្រមាណជិត១០គ្រឿងទៀងផង ។

សូមបញ្ជាក់ថា ក្រុមហ៑ុនហ្ក្រេតហ្វៀល ឬភីអេសខេវីនេះ ជាទីតាំងដែលឈ្មួញបានលាក់បំពួនឈើខុសច្បាប់នៅទីនេះរាប់ឆ្នាំមកហើយ ក្នុងនោះសមត្ថកិច្ចតូចតាចមិនត្តូវបានអនុញាតិអោយចូលឡើយ ដោយក្រុមសន្តិសុខសំអាងថា ជាក្រុមហ៑ុនស្របច្បាប់ ។

លោកវរសេនីយ៍ត្រីលឹម ឩសភា នាយរងសេនាធិការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានប្រាប់តាមទូរស័ព្តថា អនុវត្តបេសកកម្មតាមបទបញ្ជាលោកឩត្តមសេនីយ៍ត្រីជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរូបលោកបានដឹកនាំកម្កាំងក្រោមបញ្ជាចំនួន១៥នាក់ ចុះសហការជាមួយមន្ត្រីជំនាញរដ្ឋបាលព្តៃឈើរួមទាំងបរិស្ថានផងដើម្បីចុះទៅចាប់ឈើខុសច្បាប់ក្នុងក្រុមហ៑ុនភីអេសខេវី (ហ្រ្កេតហ្វៀល) ដើម្បីដកហូតមកជាសម្បត្តិរដ្ឋពិតមែន ពេលនេះកំពុងប្រមូល និងស្ទូចដាក់់ឡានយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺបានឈើអារ៣ឡាន និងឈើដុល១ឡាន ។

លោកលឹម ឩសភា បន្តថា នៅព្រឹកនេះ កម្លាំងរបស់លោក រួមទាំងជំនាញកំពុងបន្តដើររាប់និងប្រមូលឈើដុុលដែលគរនៅក្នុងបរិវេណក្រុមហ៑ុនជាបន្តទៀត ។

មានការលើកឡើងថា ក្រុមហ៑ុនឈូសឆាយព្រៃ និងដាំអំពៅរាប់ឆ្នាំមកហើយហេតុអ្វីនៅមានឈើសំរាប់អារច្រៀកទៀត? បញ្ហានេះ គេរង់ចាំមើលថា តើលោករដ្ឋមន្ត្រីក្រសួងកសិកម្មនឹងចាត់វិធានការបែបណាលើក្រុមហ៑ុនមួយនេះ ដែលចេះតែបើកអោយឈ្មួញយកឈើខុសច្បាប់មកលាក់ទុកហើយបណ្តោយអោយមានដាក់ម៉ាសុីនរ៉ៃសំរាប់អាច្រៀកបែបនេះ? ៕ សេនាស័ក្តិ

img-20161006-wa0020 img-20161006-wa0021 img-20161006-wa0019 img-20161006-wa0018

 

 


ចែករំលែក៖