ភ្នំពេញ៖ ខ្សែភាពយន្តខ្នាតធំរឿង “នារីវេទមន្ត” របស់ផលិតកម្ម Rock ដែលលេចចេញនូវឈុតឆាកអាក្រាតកាយមួយចំនួន នោះត្រូវបានប្រកាសចាក់បញ្ចាំងជាផ្លូវការហើយ ក្រោយពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រួតពិនិត្យជាថ្មីមុនពេលចាក់បញ្ចាំងជាផ្លូវការនៅកម្ពុជា។ ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងកម្មវិធីសម្ពោធជាផ្លូវការនូវរឿង«វេទមន្តនារី»កាលពីល្ងាចថ្ងៃទី៥តុលាឆ្នាំ២០១៦នារោងភាពយន្តMajor Cineplex by Cellcard ស្ថិតក្នុងផ្សារទំនើបអ៊ីអន។
លោកយឹម សុសត្យា ហៅលី ម៉េង អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្មរ៉ុក បានថ្លែងឲ្យដឹងនាឱកាសនោះដែរថា រឿង «នារីវេទមន្ត» ហាក់មានការចាប់អារម្មណ៍ខ្លាំង ត្រង់ឈុតអត់មានសំលៀកបំពាក់របស់កញ្ញាឌុច លីដា ហើយមានការចម្រូងចម្រាស់ច្រើនណាស់ បន្ទាប់ពីមានព័ត៌មានចេញទៅ ។ លោកថា ការពិតខ្សែរឿងនេះទទួលបានទិដ្ឋាការបញ្ចាំងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរួមមកហើយ។ប៉ុន្តែក្រោយផ្ទុះព័ត៌មានទៅក៍ត្រូវបានរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈគឺលោកសោមសុគន្ឋគាត់បានកោះហៅខាងយើងដើម្បីត្រួតពិនិត្យមើលឡើងវិញ ។ លទ្ឋផលចុងក្រោយបន្ទាប់ពីទស្សនាអស់មួយចប់រឿងនោះគឺថាអត់មានបញ្ហាអ្វីនោះទេការស្រាតជាលក្ខណៈស្រាតបែបសិល្បៈ ពុំមែនស្រាត បែបអាសអាភាសឡើយ ។ លោកបន្ថែមថា ក្រោយក្រសួងអនុញ្ញាតិ បែរជានៅខាងទូរទស្សន៍ គេមិនព្រមចាក់បញ្ចាំងបែបផ្សាយដំណឹងខ្លះៗទាំងមានឈុតអាក្រាតនោះទេ គឺមិនព្រមចាក់បើកាលណាមានឈុតឌុច លីដា ស្រាតគឺអត់ចាក់ឡើយ ។ យ៉ាងណារឿងមួយនេះ អត់មានអ្វីខុសច្បាប់ទេ គឺអាចចាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី៧ តុលា ឆ្នាំ២០១៦បាន ។ សម្រាប់ផលិតកម្មរ៉ុកខ្សែរឿង «នារីវេទមន្ត» ជាខ្នាតរឿងបែបអន្តរជាតិទី២ហើយបើនិយាយពីរឿងដុំផលិតកម្មយើងបានផលិតអស់ចំនួន១៣រឿង ក្នុងនោះរឿងខ្នាតអន្តរជាតិមានពីរគឺរឿង «មុនពេលដួលរលំ»និងរឿង«នារីវេទមន្ត» ។
កញ្ញាឌុច លីដា តួអង្គសំខាន់ ដែលចាត់ទុកថា ជាតារាចិត្តហ៊ានដំបូងគេ ក្នុងការថតបែបអាក្រាតកាយ បានចាប់អារម្មណ៍ដែរថា សម្រាប់នាងក្នុងរឿង«នារីវេទមន្ត»នេះ ពិតជាបានលះបង់ខ្ពស់ ហើយមុននឹងសម្រេចចិត្តថតបែបនេះ គឺនាងមិនមែនមិនដឹងពីតម្លៃស្ត្រីខ្មែរ ហើយក៏យល់ដឹងពីតម្លៃវប្បធម៌យើងដែរ ។ ប៉ុន្តែអ្វីដែលនាងធ្វើដើម្បីតែសិល្បៈប៉ុណ្ណោះនិងចង់ឲ្យសាច់រឿងល្អ ហើយក៍មានបច្ចេកទេសគេជួយយើងដែរ ។ នាងមិនអាចនិយាយក្បោះក្បាយនោះទេមានតែមកទស្សនាទើបដឹង។ចំពោះតម្លៃបានថ្លៃប៉ុណ្ណាក៍មិនជម្រាបដែរគឺជាការងារផ្ទៃក្នុង ។ នាងនិយាយទៀតការរិះគន់គឺនាងពិតជាដឹងអ្នកខ្លះគ្រាន់តែមើលឈុតផ្សាយខ្លីៗគឺគេថានាងសាហាវខ្លាំងណាស់នារីខ្មែរមិនគួរធ្វើចឹងឡើយ ។ តែនេះជាលក្ខណៈសិល្បៈដើម្បីឲ្យរឿងខ្មែរល្អដើរទៅមុខទៀតប៉ុណ្ណោះ។
លោកJimmy Henderson អ្នកដឹកនាំរឿង និងជាអ្នកនិពន្ឋបានមានប្រសាសន៍ថា លោកមានការជឿជាក់ចំពោះឧស្សាហកម្មភាពយន្តនៅកម្ពុជា ដោយនឹងមានការកើនឡើងយ៉ាងឆាប់រហ័សសម្រាប់ការផលិតភាពយន្ត និងជាផ្នែកមួយនៃការផ្លាស់ប្តូរ ។ បេសកម្មដែលលោកបានធ្វើការកាលពី២ទៅ៣ឆ្នាំមុន គឺជាការនាំយកភាពខុសប្លែកនិងរសជាតិសាច់រឿងថ្មីៗសម្រាប់ទស្សនិកជន ។ រឿង«នារីវេទមន្ត»ជាភាពយន្តមួយ ដែលកើតចេញពីការខិតខំប្រឹងប្រែងនៃក្រុមការងារផលិតកម្មRockដើម្បីមានគុណភាពស្តង់ដារអន្តរជាតិដែលអាចលក់ចេញទៅទីផ្សារក្រៅស្រុកផងដែរ ។ នេះជាប្រភេទរឿងស្រមើស្រមៃ អភិនិហា ដែលនឹងចាក់បញ្ចាំងជាផ្លូវការនាថ្ងៃទី៧ តុលា ឆ្នាំ២០១៦ គ្រប់រោងកុននារាជធានីភ្នំពេញ ៕ វឌ្ឍនា