ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យនីតិ សាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (Royal University of Law and Economics-RULE )

ចែករំលែក៖

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែតុលា  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចដែលបានបញ្ចប់ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៣,២៥៤ នាក់ នៅសាលសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះ សម្តេចតេជោបានប្រសាសន៍កោតសរសើរ និងអបអរសារដល់និស្សិតជ័យលាភី ទាំំងអស់ និងថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាលដែលបានផ្តល់ឱកាសអោយកូនចៅបានសិក្សារៀនសូត្ររហូតទទួលបានជោគជ័យ។ ទន្ទឹមនឹងនេះ និស្សិតត្រូវបន្តប្រឹងប្រែងសិក្សាបន្ថែមទៀត។

សម្តេចតេជោនាយករដ្ឋមន្រ្តីក៏ធ្លាប់បានបង្រៀននៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចចំនួន៤ដងកាលពីទស្សវត្សរ៍ឆ្នាំ៨០ អំពីការវាយតម្លៃអន្តរជាតិ និងការវាយតម្លៃស្ថានការណ៍នៅក្នុងប្រទេស និងវិធីសាស្រ្តដឹកនាំ និងការធ្វើការងារ។ មេរៀននេះគឺគ្មានសាលាណាបង្រៀន ក្រៅតែពីមេដឹកនាំប្រទេសប៉ុណ្ណោះជាអ្នកបង្រៀន។

សម្តេចតេជោ មានមោទនភាពចំពោះការចូលរួមឯកជនលើវិស័យអប់រំ ក៏ដូចជាការផ្តល់ឱកាសឲ្យសាកលវិទ្យាល័យរដ្ឋផ្តល់ការសិក្សាបង់ថ្លៃ ដែលជាការផ្តល់លទ្ធភាពឲ្យសាកលវិទ្យាល័យរដ្ឋ អាចស្វែងរកថវិកាសម្រាប់ផ្តល់ប្រាក់បៀវត្សរ៍ដល់គ្រូ និងយកថវិកាសាងសង់អគារសិក្សាបន្ថែម។ នេះជានយោបាយ «យកស្លឹកត្នោត ខ្ចប់ស្ករត្នោត»។ ទន្ទឹមនឹងការព្រួយបារម្ភអំពីយុវជន សម្តេចតេជោ បានបញ្ជាឲ្យមានការទប់ស្កាត់ និងពង្រឹងឲ្យបានខ្លាំងទៅលើការជួញដូរគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា។

នៅថ្ងៃអាទិត្យទី ៩ ខែ តុលានេះ សម្តេចតេជោ នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំនៅប្រទេសថៃ ដែលនឹងគ្រោងជួបជាមួយនាយករដ្ឋមន្រ្តីថៃផងដែរ រួមជាមួយនឹងបណ្ដាមេដឹកនាំផ្សេងៗទៀត ។ ហើយ
នៅថ្ងៃទី១៣-១៤ ខែតុលានេះ លោកប្រធានាធិបតីចិន ស៊ីជីនពីង នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលមានកិច្ចព្រមព្រៀងនិងពីធីសារមិនតិចជាង ២៨ នឹងត្រូវចុះហត្ថលេខា។ កិច្ចព្រមព្រៀងទាំងអស់នេះ បានធ្វើឡើងបន្ទាប់ពីសម្តេចបានបំពេញទស្សនកិច្ចនៅប្រទេសចិនកាលពីឆ្នាំ២០០៤។ កិច្ចព្រមព្រៀងទាំងអស់នោះគឺផ្តោតជាសំខាន់លើការបើកច្រកទំនិញកសិផលកម្ពុជាទៅក្នុងប្រទេសចិន ក៏ដូចជាការទាញយកអ្នកទេសចរណ៍ចិនមកកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ កម្ពុជានិងចិននឹងខិតខំជំរុញទំហំពាណិជ្ជកម្មរវាងចិនកម្ពុជាអោយឡើងដល់ ៥ពាន់លានដុល្លារ ដែលក្នុងនោះគឺផ្តោតលើការនាំចេញនិងការប្រឹងប្រែងរក្សានូវទីផ្សារចាស់ ហើយខិតខំពង្រីកទីផ្សារថ្មីទៅកាន់ប្រទេសផ្សេងៗជាំច្រើនទៀត។

នៅចុងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមថែរក្សាសណ្តាប់ធ្នាប់ សន្តិសុខ និងស្ថេរភាព បង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌកន្លងមក។ ព្រោះតែកត្តាជីវភាព និងសុខសន្តិភាព ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ បានទៅលេងក្រុមគ្រួសារ និងលេងកម្សាន្តនៅកន្លែងកម្សាន្តនានាស្ទើរទូទាំងប្រទេស។ កម្ពុជាបច្ចុប្បន្នគឺមានសុខសន្តិភាព ហើយប្រជាពលរដ្ឋកំពុងរកស៊ីទទួលទាន និងរស់នៅយ៉ាងសុខសាន្ត មិនដូចការបំភ្លៃតែលើអណ្តាតរបស់បុគ្គលមួយចំនួនឡើយ ៕

4 1 2 3


ចែករំលែក៖