ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌសែនសុខឃាត់រថយន្តកុងតឺន័រ៤គ្រឿងបើកលើផ្លូវហាមឃាត់

ចែករំលែក៖

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌសែនសុខបានឃាត់រថយន្តកុងតឺន័រ៤គ្រឿងបើកលើផ្លូវហាមឃាត់ដែលធ្វើឲ្យខូចខាតផ្លូវទើបស្ថាបនារួច បែកគម្របលូ ប្រេះនិងស្រុត ផ្លូវបេតុងក្នុង មូលដ្ឋានភូមិពោងពាយភូមិ ឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

លោកប៑ិន ចន្ថា ប្រធានសណ្តាប់ធ្នាប់សាលាខណ្ឌសែនសុខបានប្រាប់ថា បន្ទាប់ ពីមានប្រជាពលរដ្ឋរាយការណ៍តាមទូរស័ព្ទទៅលោក បឹុល កុសល អភិបាលខណ្ឌថា មានរថយន្តធុនធំប្រភេទអូសទូកុងតឺន័រជាច្រើនគ្រឿងបានមកចតលើផ្លូវបេតុងដែលធ្វើឲ្យមានការប្រេះស្រុតនិងកិនបែកលូទើបលោកអភិបាលបានបញ្ជាមកលោកឲ្យដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌសហការណ៍ជាមួយខាងកម្លាំងអាវុធហត្ថខណ្ឌចុះទៅឃាត់រថយន្តធុនធំខាងលើបានចំនួន៤ គ្រឿងយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ ។

ប្រជាពលរដ្ឋបានលើកឡើងថារថយន្តធុនធ្ងន់ទាំងនេះតែងតែបង្កភាពភ័យខ្លាចនិងគំរាមកំហែងដល់អាយុជីវិតប្រជាពលរដ្ឋដែលកំពុងចរាចរណ៍លើដងផ្លូវនិងបំផ្លាញផ្លូវសាធារណៈទើបប្រជាពលរដ្ឋក៏បានសំណូម ពរដល់អាជ្ញាខណ្ឌសែនសុខមេត្តាជួយពិនិត្យមើលនិងមានចំណាត់ការចំពោះក្រុមរថយន្តធំៗទាំងនេះផង ។

ពាក់ព័ន្ធការឃាត់រថយន្តធុនធំៗនេះ លោក បឹុល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខបានប្រាប់នគរវត្តតាមទូរស័ព្ទថាមូលហេតុដែលលោកឲ្យឃាត់ រថយន្តទាំងនោះគឺដោយសាររថយន្តធុនធ្ងន់ខាងលើបានបើកចូលតំបន់ហាមឃាត់ធ្វើឲ្យខូចលូក្នុងមូលដ្ឋាននិងធ្វើឲ្យប្រេះផ្លូវ បេតុងដោយសាររថយន្តដឹកធ្ងន់ៗហើយការឃាត់ទុកនេះដើម្បីឲ្យម្ចាស់រថយន្តទាំងនោះចូលខ្លួនមកធ្វើកិច្ចសន្យាជាមួយអាជ្ញាធរត្រឹមត្រូវអាជ្ញាធរហាមមិនឲ្យរថយន្តធុនធ្ងន់ចូលក្នុងមូលដ្ឋាននេះទៀតបើរថយន្តដឹកទំនិញចង់ចូលត្រូវរករថយន្តតូចៗមកសាងទើបអនុញ្ញាតឲ្យចូលបាន ៕ តុង សីហា

20161006_100116


ចែករំលែក៖