ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល ១០ខែឆ្នាំនេះ! អង្គភាព​ស៉ីម៉ាក់​ បានបោសម្អាតផ្ទៃចំការមីនបានជាង ១៤ពាន់ហិកតា រកឃើញគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះជាង ៤ម៉ឺនគ្រាប់

ចែករំលែក៖

ភ្នំពេញ៖ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) លោក ហេង រតនា បានឱ្យដឹងថា ក្នុងរយៈពេល១០ខែ​ ពោលគិតចាប់ពីខែ មករា ដល់ខែតុលា ឆ្នាំ២០២៥​ អង្គភាពស៉ីម៉ាក់បានបោសសម្អាតផ្ទៃដីចម្ការមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានទំហំ ១៤ ៣៩៧​ ហិកតា និងរកឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សរុបចំនួន​ ៤៣ ៩១៦ គ្រាប់។

អគ្គនាយកដ្ឋាន​ស៉ីម៉ាក់​រូបនេះ​ បានបញ្ជាក់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ក្នុងប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ក្នុងរយៈពេល ១០ខែ​ (មករា-តុលា)​ ឆ្នាំ២០២៥​ របស់អង្គភាព CMAC សម្រេចបាននូវសមិទ្ធិផលសំខាន់ៗមួយចំនួនដូចខាងក្រោម៖

*ទី១៖ លទ្ធផលសម្រេចបានលើផែនការប្រតិបត្តិការទូទៅ៖ បោសសម្អាតផ្ទៃដីចម្ការមីនបានទំហំ ១៤ ៣៩៧​ ហិកតា, រកឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន​ ៤៣ ៩១៦ គ្រាប់។ លទ្ធផលអប់រំការយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន/គ្រាប់ មិនទាន់ផ្ទុ​ះដោយបើកវគ្គអប់រំបានចំនួន​​ ២១ ៧៨៨លើក​ អប់រំតាមខ្នងផ្ទះបានចំនួន ១ ០៥២ ៤៣៨ ខ្នងផ្ទះ​ និងមានអ្នកចូលរួមទទួលព័ត៌មានអប់រំសរុបចំនួន​ ២ ២២០ ៩៥០នាក់។

*ទី២៖ ដោយឡែកលទ្ធផលសង្ខេបនៅតំបន់រងផលប៉ះពាល់ ដោយសារសង្រ្គាមសៀមឈ្លានពាន នៃទិសខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារមានដូចខាងក្រោម៖​

– លទ្ធផលការងារអប់រំការយល់ដឹងពីគ្រោះថ្នាក់ ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម (ជនភៀសឹក)​ បើកវគ្គផ្សព្វផ្សាយអប់រំជាង ២៣០​លើក​ និងអ្នកចូលរួមស្តាប់មានចំនួនជិត ៤០០,០០០នាក់។

– លទ្ធផលការងារស្រាវជ្រាវ និងដាក់ស្លាកសញ្ញា៖ បានចុះស្រាវជ្រាវបញ្ចប់ភូមិគោលដៅចំនួន ៦៦ភូមិលើ៧៧​ភូមិ ដែលរងផលប៉ះពាល់ (ភូមិនៅជួរមុខចំនួន ១១ទៀត បានស្រាវជ្រាវផ្នែកខ្លះៗ និងកំពុងស្រាវជ្រាវបន្ត)។ សរុបរកឃើញទីតាំងភស្តុតាងចំនួន ៣ ៥៨៦ករណី​ (ជាគ្រាប់ ឬទីតាំង​) និងរកឃើញតំបន់ចម្ការគ្រាប់ចំនួន​ ១ ៧៥៤ ពហុកោណ​ (ប្លង់)​ស្មើនឹងផ្ទៃដីទំហំសរុបចំនួន​ ១ ០៩៣គីឡូម៉ែត្រក្រឡា៕ដោយ​៖តារា​


ចែករំលែក៖