ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គល ឈុំ វុទ្ធី ហៅលី ដែលពាក់ព័ន្ធទៅនឹងករណីរំលោភ មិនមែនជាគ្រូពេទ្យដែលមានសញ្ញាបត្រទទួលស្គាល់នោះឡើយ, សូមប្រជាពលរដ្ឋកុំឱ្យមានការយល់ច្រឡំ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ បុគ្គល ឈុំ វុទ្ធី ហៅលី ដែលពាក់ព័ន្ធទៅនឹងករណីរំលោភ មិនមែនជាគ្រូពេទ្យដែលមានសញ្ញាបត្រទទួលស្គាល់នោះឡើយ, សូមប្រជាពលរដ្ឋកុំឱ្យមានការយល់ច្រឡំ ! នេះបើយោងតា សេចក្តីបំភ្លឺព័ត៌មានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង ! សូមជម្រាបជូនដល់សាធារណជន អ្នកប្រើប្រាស់ បណ្តាញសង្គម និង អ្នកព័ត៌មានជាតិឱ្យបានជ្រាបថា៖ នៅថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២៥ មានការ ផ្សាយរបស់គណនីហ្វេសបុកឈ្មោះ វុទ្ធីព័ត៌មាន និងសាព័ត៌មានផ្សេងៗទៀត បានផ្សាយដោយភ្ជាប់ពាក្យបុគ្គលគ្រូពេទ្យ ដែលអាចបង្កឱ្យមហាជនមានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយសនិង សេចក្តីថ្លៃថ្នូរ របស់គ្រូពេទ្យពិតប្រាកដ។

នៅព្រឹកថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ក្រុមការងារមន្ទីរសុខាភិបាលខេត្ត មានសមាសភាព មន្ត្រីការិយាល័យនិយ័តកម្ម មន្ត្រីការិយាល័យស្រុកប្រតិបត្តិកំពង់ឆ្នាំង ប្រធានមណ្ឌលសុខភាពជៀប ប្រធានមណ្ឌលសុខភាពអភិវឌ្ឍន៍ បានចុះស្រាវជ្រាវដល់មូលដ្ឋាន នៅភូមិ ស្រែចាន ឃុំ ទួលខ្ពស់ ស្រុកទឹកផុស ដោយរួមដំណើរជាមួយលោកមេឃុំទួលខ្ពស់ ។

ក្រុមការងារបានរកឃើញថា ឈ្មោះ ឈុំ វុទ្ធី ហៅលី ភេទប្រុស អាយុ៥៥ឆ្នាំ ដែលអ្នកព័ត៌មាន ហៅថា ពេទ្យលី ពុំមានសញ្ញាបត្របញ្ជាក់កម្រិតសិក្សាផ្នែកវេជ្ជសាស្រ្តណាមួយទេ ។ ម៉្យាងទៀត ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត ក៏បានបញ្ជាក់ថា ឈ្មោះនេះមិនមានក្នុងបញ្ជីជាសមាជិកគ្រូពេទ្យឡើយ ដូចនេះ ឈ្មោះ ឈុំ វុទ្ធី ហៅលី មិនមែនជាគ្រូពេទ្យទេ សូមសាធារណជនអ្នកប្រើប្រាស់បណ្តាញ សង្គម មេត្តាជ្រាប និងបញ្ឈប់ការហៅ បុគ្គល ឈុំ វិទ្ធី ជាគ្រូពេទ្យទៀតចាប់ពីពេលនេះតទៅ។

មន្ទីរសុខាភិបាលខេត្តមានការសោកស្តាយយ៉ាងខ្លាំងចំពោះទង្វើអសីលធម៌របស់បុគ្គលរូបនោះ និងសូមអំពាវនាវឱ្យសមត្ថកិច្ចបន្តនីតិវិធីរកជនសង្ស័យមកទទួលខុសត្រូវចំពោះមុខច្បាប់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបតាមការគួរ ៕

ដោយ ៖ សិលា


ចែករំលែក៖