ភ្នំពេញ៖ បុរសជាងដែកម្នាក់តូចចិត្តរឿងប្រពន្ធរត់ចោល៣ថ្ងៃក៏ទិញស្រាបៀរ
យកមកផឹកអស់៥កំប៉ុងហើយក៏សម្រេចធ្វើអត្តឃាតខ្លួនឯងដោយយកខ្សែនីឡុងចងកភ្ជាប់នឹងដែកផ្ទោងដំបូលផ្ទះសម្លាប់ខ្លួន តែត្រូវបានអ្នកជិតខាងធាក់ទ្វារឃើញស្រែកឆោឡោបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៨ និង ៣០នាទីយប់ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលជាន់ទី១ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះឈ្មោះ ហុឺ សុផាន់ អាយុ ២២ឆ្នាំ មានមុខរបរជាងដែកស្នាក់នៅបន្ទប់ជួលលេខ៣២ ក្នុងភូមិ ព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ភូមិស្វាយភ្លើង ឃុំស្វាយភ្លើង ស្រុក តាំងគោក ខេ្តត្តកំពង់ធំ។ ចំណែកប្រពន្ធមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះនិងប្រពន្ធគេមិនដឹងថាមានទំនាស់ឈ្លោះទាស់ទែងគ្នារឿងអ្វីនោះទេ គ្រាន់តែគេដឹងថាប្រពន្ធជនរងគ្រោះបានប្រមូលខោអាវនិងយកម៉ូតូហុងដាឌ្រីម១គ្រឿងរត់ចោលជនរងគ្រោះអស់រយៈពេល៣ថ្ងៃមកហើយ។
ប្រភពព័ត៌មានបានអោយដឹងទៀតថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះបានទៅទិញស្រាបៀរចំនួន៥កំប៉ុងមកអង្គុយផឹកនៅក្នុងបន្ទប់កើតហេតុតែម្នាក់ឯងដោយបានបិទទ្វាររហូតដល់ម៉ោងកើតហេតុអ្នកនៅបន្ទប់ជិតខាងឆ្ងល់ក៏បាននាំគ្នាធាក់ទ្វារបន្ទប់ឱ្យរបើកស្រាប់តែឃើញជនរងគ្រោះយកខ្សែនីឡុងចងកភ្ជាប់នឹងដែកផ្ទោងដំបូលផ្ទះស្លាប់បាត់ទៅហើយ ដោយមិនដឹងស្លាប់តាំងពីពេលណានោះទេ ក៏ស្រែកឆោឡោបង្កអោយមានការភ្ញាក់ផ្អើលនិងរាយការណ៍ទៅអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុបានរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចុះមកពិនិត្យ។
ក្រោយពីសមត្ថកិច្ចជំនាញបានពិនិត្យរួចរាល់ហើយបានបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារធ្វើអត្តឃាតចងកខ្លួនឯងពិតប្រាកដមែន ហើយបានប្រគល់សពទៅអោយក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច