ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាស្មានថាជាផ្ទះខ្លួនឯង ឡើងលើដំបូលផ្ទះផុងស័ង្កសីធ្លាក់បែកក្បាល

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាខ្លាំងពេកឡើងលើដំបូលផ្ទះគេស្មានថាផ្ទះឯងបណ្តាលឲ្យផុងដំបូលស័ង្កសីធ្លាក់ដល់ដីបែកក្បាលរងរបួសធ្ងន់ ។

ហេតុការណ៍នេះបង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង០០ និង០៣នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែតុលាឆ្នាំ២០១៦ ស្ថិតត្រង់ចំណុចផ្ទះលេខ៨៣ លើផ្លូវ១២២ សង្កាត់ផ្សារដេរប៉ូ៣ ខណ្ឌទួលគោក។

បុរសម្នាក់នេះឈ្មោះ រ៉ាត់ អាយុ ជាង៣០ឆ្នាំ ជាចុងភៅនៅសណ្ឋាគារមួយមានទីលំនៅក្បែរកន្លែងកើតហេតុខាងលើ។ គាត់បានផឹកស្រាស្រវឹងខ្លាំងពេក រហូតដល់វង្វេងវង្វាន់ស្មារតី ដោយបានឡើងលើដំបូលផ្ទះគេស្មានថាផ្ទះឯងបណ្តាលឲ្យផុងដំបូលស័ង្កសីធ្លាក់ដល់ដីបែកក្បាលរងរបួសធ្ងន់តែម្តង ។

សាក្សីបាននិយាយថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់នេះមិនដឹងថា ដើរមកពីណាបានឡើងលើដំបូលសង្ក័សី នៅសំយាបមុខផ្ទះគេ ហើយដើរលើនោះបានបន្តិច ស្រាប់តែផុងដំបូលសង្ក័សីធ្លាក់ចុះមកក្រោម បណ្ដាលឱ្យរងរបួសបែកក្បាល ។ ក្រោយមក ក៏មានបុគ្គលិកនៅសណ្ឋាគារក្បែរនោះ បានមកមើលបុរសម្នាក់នោះ ក៏ស្គាល់ហើយប្រាប់ថា ជាចុងភៅនៅសណ្ឋាគារឡឺប្រេស៊ីដង់ ឈ្មោះរ៉ាត់ ស្នាក់នៅផ្ទះជួលម្ដុំកន្លែងកើតហេតុ ។

សាក្សីឲ្យដឹងទៀតថា បុរសខាងលើស្រវឹងខ្លាំងណាស់រហូតលែងដឹងអី និយាយស្ដាប់គ្នាលែងបាន ដែលគេសង្ស័យថាគាត់ផឹកស្រាជ្រុល ទើបបានជាដល់ថ្នាក់វង្វេងផ្ទះគេថាជាផ្ទះរបស់ខ្លួនបែបនេះ ។

ក្រោយពេលកើតហេតុជនរងគ្រោះរូបនេះត្រូវបានអ្នករួមការងារជាមួយគាត់ ដឹកតាមរ៉ឺម៉កម៉ូតូយកទៅព្យាបាលនៅគ្លីនិក ដែលនៅជិតកន្លែងកើតហេតុនេះ រហូតដឹងខ្លួនទើបក្រុមគ្រួសារទៅដល់ ៕ ប្រាថ្នា

depo3


ចែករំលែក៖