ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀននៅខណ្ឌជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា ឃាត់ខ្លួន ជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ដកហូតថ្នាំញៀន ៦កញ្ចប់ និងម៉ូតូ១គ្រឿង ។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីម៉ោងជាង៤រសៀល ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវម៉ាស៊ីនទឹក ក្រុម៣ ភូមិ៣ សង្កាត់-ខណ្ឌជ្រោយចង្វា ។

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើទី១ ឈ្មោះ ងឿង ចាន់ណា អាយុ ១៦ឆ្នាំ មុខរបរ កសិករ និងទី២ ឈ្មោះ ជាង ប៉ង អាយុ ១៨ឆ្នាំ មុខរបរ កសិករ បច្ចុប្បន្នអ្នកទាំង ២នាក់ មានទីលំនៅភូមិជ្រៃ ឃុំរការ ស្រុកពារាំង ខេត្តកំពង់ចាម។

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបន្តថា នៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចបានបើកម៉ូតូល្បាតនៅក្នុងមូលដ្ឋាន ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ពេលដែលកំពុងល្បាត ស្រាប់តែបានប្រទះឃើញជនសង្ស័យ ២នាក់ បើកម៉ូតូ មួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CD-9839។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចយើងបានឃាត់សួរនាំ និងបានឆែកឆេររកឃើញនៅម្សៅក្រាមពណ៌(ស)ថ្លា ចំនួន ៦កញ្ចប់ ជាប្រភេទ ម៉ាទឹកកក ហើយសមត្ថកិច្ចបាននាំយកមកសាកសួរនៅអធិការដ្ឋាន ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ រួមនឹងវត្ថុតាង កំពុងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ

image4 image1 image2 image3


ចែករំលែក៖