ភ្នំពេញ៖ ព្រឹកថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០១៦ វេលាម៉ោង ៩ព្រឹក នៅវិមានព្រឹទ្ធសភា សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតអោយគណៈប្រតិភូសហភាព សហព័ន្ធយុវជនកម្ពុជាចំនួន២៨រូប ដែលត្រូវបានជ្រើសតាំងទៅចូលរួមវគ្គបណ្ដុះបណ្ដាលអ្នកដឹកនាំវ័យក្មេងអាស៊ានលើក ទី៤៤ ឆ្នាំ២០១៦ នៅខេត្ត គ័ងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្ដែងការគួរសម ។
មានប្រសាសន៍សំណេះសំណាល និងផ្ដាំផ្ញើចំពោះក្មួយៗនាឱកាសនោះ សម្ដេចប្រធានព្រឹទ្ធសភា បានសំដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះក្មួយៗដែលត្រូវបានជ្រើសតាំងជាតំណាងយុវជនកម្ពុជា ទៅចូលរួមវគ្គបណ្ដុះបណ្ដាលអ្នកដឹកនាំវ័យក្មេងអាស៊ាននាពេលខាងមុខនេះ ។ សម្ដេចបញ្ជាក់ថា “ ក្មួយៗដែលត្រូវបានជ្រើសតាំងឲ្យទៅចូលរួមវគ្គដ៏មាន សារៈសំខាន់នេះ គឺសុទ្ធជាធនធានដ៏មានតម្លៃមានសមត្ថភាពនិងជាតំណាងរបស់យុវជនកម្ពុជា ។ ហើយតាមរយៈវគ្គបណ្ដុះបណ្ដាលនេះគឺជាឱកាសដ៏ល្អសម្រាប់ក្មួយៗធ្វើការសិក្សាស្វែងយល់ផ្លាស់ប្ដូរបទពិសោធន៍ និងចំណេះដឹងទៅវិញទៅមក ជាមួយប្រតិភូយុវជនបណ្ដាលប្រទេសដែលចូលរួមផ្សេងទៀត ជាពិសេសជាមួយយុវជនចិនដែលជាម្ចាស់កម្មវិធី ។
ក្នុងឱកាសនេះដែរ សម្ដេចក៏បានថ្លែងសរសើរ និងវាយតំលៃខ្ពស់ចំពោះថ្នាក់ដឹកនាំសហភាព សហព័ន្ធយុវជនកម្ពុជា ដែលបានប្រឹងប្រែងសហការរៀបចំជ្រើសតាំងឲ្យមានតំណាង យុវជនទៅចូលរួមវគ្គបណ្ដុះបណ្ដាលដ៏មានសារៈប្រយោជន៍នេះ ។ ទន្ទឹមនឹងនេះដែរ សម្ដេចក៏បានផ្ដាំផ្ញើដល់ក្មួយៗទាំងអស់គ្នា បន្ទាប់ពីបានទទួលចំណេះដឹងពីកម្មវិធី នេះ សូមបន្តនូវការប្ដេជ្ញាចិត្តនិងឆន្ទៈដ៏មុតមាំ ចូលរួមចំណែកកាន់តែ សកម្មថែម ទៀត ក្នុងបុព្វហេតុ សន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ និងភាពសុខសាន្ត សម្បូរណ៍រុងរឿងរបស់ប្រជាជាតិរបស់យើង ក្មួយៗត្រូវចេះស្រឡាញ់យោគយល់គ្នា សាមគ្គី និងធ្វើការងារជាក្រុមឲ្យបានល្អ ដើម្បីនាំមកនូវលទ្ធផល និង កិតិ្តយសជូនប្រទេសជាតិ ៕