ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល និងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ៦នាក់ និងថ្នាំញៀនមួយចំនួនធំ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលស្នងការដ្ឋានខេត្តបន្ទាយមានជ័យ និងកម្លាំងអាវុធហត្ថខេត្ត បានបើកយុទ្ធនាការបង្រ្កាបគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យសរុបចំនួន៦នាក់ ដកហូតបានថ្នាំញៀនមួយចំនួនធំ ក្នុងប្រតិបត្តិការបង្រ្កាប២ករណីផ្សេងគ្នា ក្នុងក្រុងសិរីសភ័ណ និងក្រុងប៉ោយប៉ែត។ប្រតិបត្តិការបង្រ្កាបគ្រឿងញៀននៅខេត្តបន្ទាយមានជ័យ ត្រូវគេមើលឃើញថា សមត្ថកិច្ចខេត្តបន្ទាយមានជ័យបានប្តេជ្ញាប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរក្សា សន្តិសុខ សុវត្ថិភាព ជូនពលរដ្ឋប្រកបដោយការរស់នៅគ្មានភាពភ័យខ្លាច។

ករណីទី១ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការនឹងកម្លាំងនគរបាលក្រុងសិរីសោភ័ណ ដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បានចេញទៅបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនចំនួន៥នាក់ ជាបន្តបន្ទាប់កាលពីថ្ងៃទី៥និងថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវចូលខ្លោងទ្វារវត្តពង្រ និងនៅចំណុចផ្លូវបំបែកសួនស្នេហ៍ជនបទ ក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។នៅពេលនោះកម្លាំងនគរបាលឆែកឆេររកឃើញដកហូតបានថ្នាំញៀនមេតំហ្វេតាមីនទឹកកចំនួន៥កូនថង់ស្មើនិងទម្ងន់៤៧.៥១ក្រាម។ជនសង្ស័យគ្រឿងញៀនទាំង៥នាក់ក្នុងនោះមុខសញ្ញាជួញដូរថ្នាំញៀន៣នាក់ មុខសញ្ញាប្រើប្រាស់ចំនួន២នាក់ ពួកគេបច្ចុប្បន្នរស់នៅ ក្នុងសង្កាត់កំពង់ស្វាយ និងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

ដោយឡែក ករណីទី២ ជនសង្ស័យគ្រឿងញៀន១នាក់ រងការចាប់ឃាត់ខ្លួនពីកម្លាំង អាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងដោយលោក វរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៦ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។នៅពេលនោះ សមត្ថកិច្ចឆែកឆេររកឃើញដកហូតបានថ្នាំញៀនមេតំហ្វេតាមីនទឹកកកចំនួន៣កូនថង់ ស្មើនិងទម្ងន់៦.២ក្រាម កាំបិតចំនួន៣ដើម ទូរស័ព្ទដៃ២គ្រឿង និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យគ្រឿងញៀនទាំង៦នាក់ខាងលើ ត្រូវបានសមត្ថកិច្ចទាំងពីរអង្គភាពបានសាងសំណុំរឿងចាប់បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់នោះហើយ ៕ សំ វិច្ឆិកា

img_5452 img_5388 img_5389 img_5390 img_5391 img_5445 img_5446


ចែករំលែក៖