ព័ត៌មានទាន់ហេតុការណ៍៖

សិស្សប៊ែលធីជាប់ និន្ទេស A ចំនួន ២០​នាក់ ចែករំលែកបទពិសោធន៍ដល់សិស្សថ្នាក់ទី១២ឆ្នាំសិក្សាថ្មី

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំពិធីសំណេះសំណាល និងចែករំលែកនូវបទពិសោធន៍ការសិក្សារបស់សិស្សប៊ែលធីជាប់និន្ទេស A ចំនួន ២០នាក់ ជូនដល់សិស្សថ្នាក់ទី១២ ឆ្នាំសិក្សាថ្មី ក្រោមអធិបតីភាពលោក លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកស្រី ។

តាមរបាយការណ៍លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុបទទួលបន្ទុកសាលា ប៊ែលធី អន្តរជាតិ បានអោយដឹងថា៖ បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន ១៨សាខា ដែលក្នុងនោះ ១៦សខា កំពុងដំណើរ និង ២សាខាទៀតកំពុងសាងសង់ និងមានសិស្សកំពុងសិក្សា ចំនួន ៣១.៤៦៩នាក់។

នៅក្នុងឆ្នាំសិក្សាថ្មី២០១៦-២០១៧នេះ មានសិស្សថ្នាក់ទី១២ ចំនួន ១.១៩៧នាក់ហើយឆ្នាំសិក្សា២០១៥-២០១៦កន្លងមកនេះ មានសិស្សចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ១.១៥៧នាក់ បានប្រឡងជាប់ ចំនួន ៩៧១នាក់ ស្មើនឹង ៨៣.៩២% ក្នុងនោះជាប់និទ្ទេស A ចំនួន ២០នាក់ (ជាពិសេសជាប់និទ្ទេស A លេខ១ទូទាំងប្រទេស) និទ្ទេស B ចំនួន ៨៦នាក់ និទ្ទេស C ចំនួន ១៥២នាក់ និទ្ទេស D ចំនួន ១៩១ នាក់ និង និទ្ទេស E ចំនួន ៥២២ នាក់ ដោយឡែកថ្នាក់ទី៩ មានសិស្សពូកែជាប់ទូទាំងរាជធានីភ្នំពេញ ចំនួន ០៥នាក់ និងថ្នាក់ទី១២ ជាប់ទូទាំងខេត្តកណ្តាល ចំនួន០១នាក់ ហើយ ជាប់សិស្សពូកែទូទាំងប្រទេស ថ្នាក់ទី១២ ចំនួន ០២នាក់ ផ្នែកអក្សរសិល្ប៍ខ្មែរ ចំនួន ០១នាក់ និងគណិតវិទ្យា ចំនួន ០១នាក់ផងដែរ។

ក្នុងឱកាសនោះផងដែរ លោក លី ឆេង អគ្គនាយក ប៊ែលធី គ្រុប បានកោតសរសើរដល់សិស្សនិទ្ទេសA ទាំង២០នាក់ និងសិស្សពូកែទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានជោគជ័យនាពេលនេះ និងបានថ្លែងអំណរគុណដល់ មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ដែលបានបង្កលក្ខណៈឲ្យកូនរបស់ខ្លួន មានឱកាសបានសិក្សានៅផ្ទះបន្ថែម និងគោរពវិន័យសាលាបានល្អ។ លោក ក៏បានកោតសរសើរចំពោះ សិស្សឈ្មោះ កាំង ស៊ីញលី ដែលទទួលបាន និទ្ទេសA លេខ១ ក្នុងចំណោមសិស្សនិទ្ទេសA សរុបចំនួន ៤០៥នាក់ ដែលមានលំដាប់ពិន្ទុ ១០០.០០% ខ្ពស់ជាងគេទូទាំងប្រទេសផងដែរ។

ជាទីបញ្ចប់ លោក អគ្គនាយក ប៊ែលធី គ្រុប និងលោកស្រី ក៏បានប្រគល់លិខិតសរសើរ និងអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០% ដល់សិស្សនិទ្ទេសA ទាំង ២០នាក់ ត្រូវបានបញ្ជូនទៅសិក្សាក្រៅប្រទេស តាមរយៈអាហារូបករណ៍ឧកញ៉ា លី ឆេង ដូចជា: ប្រទេសសឹង្ហបុរី សាធារណរដ្ឋប្រជាមានិតចិន(ផ្នែកពេទ្យ និងវិស្វកម្ម) ប្រទេសថៃ និងសាធារណៈរដ្ឋកូរ៉េ ព្រមទាំងជួយឧបត្ថម្ភថវិកា សម្រាប់ចំណាយផ្សេងៗ ចំនួន ៣.០០០ ដុល្លារសហរដ្ឋអាមេរិកក្នុងម្នាក់។

ចំណែកឯសិស្ស ៤នាក់ ដែលពុំមានលទ្ធភាពទៅសិក្សាក្រៅប្រទេស លោកក៏បានផ្តល់អាហារូបករណ៍ ១០០% ឲ្យសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងឧបត្ថម្ភថវិកា សម្រាប់ចំណាយផ្សេងៗ ចំនួន ៣.០០០ ដុល្លារ និងឆ្នាំបន្តបន្ទាប់ ចំនួន ១.២០០ ដុល្លារក្នុងម្នាក់ រហូតដល់បញ្ចប់ ថ្នាក់បរិញ្ញាបត្រ ផងដែរ។

ចំពោះសិស្សឈ្មោះ កាំង ស៊ីញលី ជាប់និទ្ទេសA លេខ១ ទូទាំងប្រទេស លោកឧបត្ថម្ភថវិកា សម្រាប់ចំណាយផ្សេងៗ ចំនួន ៥.០០០ ដុល្លារ និងឆ្នាំបន្តបន្ទាប់ ចំនួន ៣.០០០ ដុល្លារ រហូតដល់បញ្ចប់ ថ្នាក់បរិញ្ញាបត្រ។ រីឯលោកគ្រូ-អ្នកគ្រូ ថ្នាក់ទី១២ ដែលបង្រៀនសិស្សជាប់និទ្ទេសA ក៏ទទួលបានក្នុងម្នាក់ ១០០ ដុល្លារផងដែរ។

ចំពោះសិស្សពូកែ ថ្នាក់ទី១២ ជាប់លេខ១ ផ្នែកគណិតវិទ្យាទូទាំងរាជធានីភ្នំពេញ ទទួលបាន ៧០០ ដុល្លារ និងគ្រូក៏ ៧០០ ដុល្លារផងដែរ និងសិស្សពូកែ ថ្នាក់ទី៩ ជាប់លេខ២ផ្នែកអក្សរសិល្ប៍ខ្មែរ ទូទាំងរាជធានីភ្នំពេញ ទទួលបាន ៦០០ ដុល្លារ និងគ្រូក៏ ៦០០ ដុល្លារផងដែរ។ ចំណែកឯសិស្សពូកែ ដែលជាប់លេខ៥ &៦ ចំនួន ៤នាក់ទៀតទទួលបានក្នុងម្នាក់ ៣០០ ដុល្លារ និងគ្រូក្នុងម្នាក់ក៏ ៣០០ ដុល្លារផងដែរ ៕ ស រស្មី

 

image4 image1 image2 image6 image7 image3


ចែករំលែក៖