ព័ត៌មានទាន់ហេតុការណ៍៖

លោក Trump ហៅទូរសព្ទមកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ជជែករឿងបញ្ឈប់ការបាញ់គ្នារវាងកម្ពុជា-ថៃ !!!

ចែករំលែក៖

លោក អាន់វ៉ា អីប្រាហ៊ីម បានទទួលការហៅទូរស័ព្ទពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដើម្បីពិភាក្សាអំពីជម្លោះកម្ពុជា-ថៃ ផ្ទុះឡើងជាថ្មីដែលមានរយៈពេល ៥ថ្ងៃមកហើយ។

នៅយប់ថ្ងៃទី១២ ខែធ្នូនេះលើតាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួន នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក អាន់វ៉ា បានប្រាប់លោក Trump អំពីភាពតានតឹងនៅព្រំដែនកម្ពុជា-ថៃ ដោយពន្យល់ពីតួនាទីរបស់ម៉ាឡេស៊ី ក្នុងការជំរុញប្រទេសទាំងពីរឱ្យបញ្ឈប់ការបាញ់គ្នា ហើយត្រឡប់ទៅតុចរចាវិញ តាមរយៈកិច្ចសន្ទនា ក៏ដូចជាយន្តការទ្វេភាគី និងអាស៊ាន។

លោកថា ម៉ាឡេស៊ីនៅតែត្រៀមខ្លួនជាស្រេចដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រាលស្ថានការណ៍ និងស្ដារស្ថិរភាពក្នុងតំបន់ ស្របតាមស្មារតីនៃអ្នកជិតខាងល្អរបស់អាស៊ាន។

ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ម៉ាឡេស៊ី​នឹង​រៀបចំ​កិច្ច​ប្រជុំ​ពិសេស​នៃ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​នៅ​ពេល​ខាង​មុខ ដើម្បី​វាយ​តម្លៃ​ស្ថានការណ៍ និង​គាំទ្រ​វិធានការ​បន្ធូរបន្ថយ​ការ​កើន​ឡើងកម្តៅ។

លោក អាន់វ៉ា ក៏មិនបំភ្លេចថ្លែងអំណរគុណផងដែរចំពោះការចូលរួមយ៉ាងសកម្មរបស់សហរដ្ឋអាមេរិកជាមួយអាស៊ាន និងទំនុកចិត្តដែលបានផ្តល់ឱ្យម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥៕


ចែករំលែក៖