ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនាបានអំពាវនាវឲ្យសាធារណជនជួយកំណត់អត្តសញ្ញាណ និងទីតាំងរបស់ព្រះសង្ឃមួយអង្គដែលហ៊ានថតវីដេអូច្រៀងចម្រៀងស្នេហ៍ឲ្យសង្សារ និងបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ។ អ្នកនាំពាក្យក្រសួងធម្មការ និងសាសនាបានបញ្ជាក់ថា សង្ឃអង្គនេះនឹង ត្រូវពិន័យឬចាប់ផ្សឹកនៅពេលដែលឃាត់ ខ្លួនបានដោយសារតែបានប្រព្រឹត្តល្មើសនឹងវិន័យសង្ឃ ។
វីដេអូមានរយៈពេលជិត៣នាទីដែលបានបង្ហាញពីសង្ឃមួយអង្គកំពុងតែច្រៀងបទ «ភក្តីស្នេហ៍ពេញបេះដូង» ដែលមាន អត្ថន័យរៀបរាប់ពីសេចក្តីស្នេហារបស់បុរស ម្នាក់ចំពោះស្រ្តីម្នាក់ទាំងកាយគ្រងស្បង់ចីវរ ដែលទង្វើនេះត្រូវបានលោក សេង សុមុនី មន្រ្តីនាំពាក្យក្រសួងធម្មការនិងសាសនា ចាត់ទុកថា ជាការល្មើសនឹងសង្ឃវិន័យ។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួង ធម្មការនិងសាសនាបន្ថែមថា «ក្រសួងកំពុងតែមមាញឹកក្នុងការកំណត់អត្តសញ្ញាណសង្ឃដែលច្រៀងចម្រៀង ហើយថតបង្ហោះ ហ្វេសប៊ុកឲ្យសង្សារនេះ។ វាប៉ះពាល់ខ្លាំងណាស់ទៅលើសង្ឃវិន័យ» ។
លោកពន្យល់ថា«សង្ឃអង្គនេះបាន បង្ហោះជាសាធារណៈ ហើយគ្រប់គ្នាបាន រិះគន់ពីពុទ្ធសាសនាទាំងមូល ។ គណៈ កម្មាធិការសង្ឃនឹងធ្វើការពិភាក្សាថា គួរតែ ផាកពិន័យ ឬចាប់សង្ឃអង្គនេះផ្សឹក»។
គិតមកត្រឹមយប់មិញវីដេអូនេះត្រូវ បាន Share ជាង៩ពាន់ដងហើយស្ទើរតែ ទាំងស្រុង Comment ជាង៩០០បានរិះគន់ ទៅលើសង្ឃ«បរាជិក» រូបនេះដែលបាននាំ ក្តីអាម៉ាស់មកឲ្យពុទ្ធសាសនា ។
ម្ចាស់គណនីមួយឈ្មោះ Sem Pheak បានសរសេរនៅក្នុង Comment មួយថា «គួរឲ្យអាម៉ាស់ណាស់វាមិនសមជាសង្ឃទេមើលទៅដូចឆ្កួត។ វាគឺជាការប្រមាថ មួយសម្រាប់សង្ឃដទៃទៀត» ។
នៅដើមឆ្នាំនេះដែរមេគណខេត្តកំពង់ស្ពឺព្រះនាម ឌូ វ៉ាន់ឌឿន បានលាលែងពី តំណែងដោយសារតែមានសម្ពាធពីសាធារណជនបន្ទាប់ពីមានវីដេអូព្រះអង្គឡើងច្រៀងលើឆាកតន្រ្តីនៅក្នុងឱកាសអបអរ ពិធីបុណ្យចូលឆ្នាំខ្មែរ ៕ ហេង សូរិយា