ព័ត៌មានទាន់ហេតុការណ៍៖

លោក Wang Yi រដ្ឋមន្រ្តីការបរទេសចិនជួបសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ

ចែករំលែក៖

ភ្នំពេញ , កាលពីថ្ងៃទី១៨ ខែធ្នូ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានជួបសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក Sihasak  Phuangketkeow រដ្ឋមន្ត្រីការបរទេសថៃ។ ភាគីទាំងពីរបានជម្រាបជូនលោក Wang Yi អំពីវឌ្ឍនភាពថ្មីបំផុតនៃជម្លោះព្រំដែនកម្ពុជា-ថៃ និងបានបង្ហាញឆន្ទៈបន្ធូរបន្ថយភាពតានតឹង និងអនុវត្តបទឈប់បាញ់។

លោក Wang Yi បានថ្លែងថា ក្នុងនាមជាមិត្ត និងជាប្រទេសជិតខាងដ៏ជិតស្និទ្ធរបស់កម្ពុជា និងថៃ ប្រទេសចិនមានការឈឺចាប់យ៉ាងខ្លាំងនៅពេលមើលឃើញមានប្រជាជនស៊ីវិលស្លាប់បាត់បង់ជីវិត និងរងរបួសដោយសារការប៉ះទង្គិចនេះ។ ជម្លោះលើកនេះមានសភាពធ្ងន់ធ្ងរជាងលើកមុនៗ ការបន្តកើតមានជម្លោះ នឹងបង្កគ្រោះថ្នាក់ដល់ភាគីទាំងពីរ និងបំផ្លាញសាមគ្គីភាពអាស៊ាន។ រឿងជាអាទិភាពបំផុតគឺការសម្រេចបានបទឈប់បាញ់ក្នុងពេលឆាប់ៗ និងកសាងទំនុកចិត្តគ្នាទៅវិញទៅមកឡើងវិញ។

លោក Wang Yi បានបន្តថា ប្រទេសចិនប្រកាន់ខ្ជាប់នូវការជំរុញការចរចាសន្តិភាព និងប្រកាន់ខ្ជាប់ភាពយុត្តិធម៌ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ចិនគាំទ្រកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន។ ប្រទេសចិននឹងបន្តដើរតួនាទីជាស្ពានប្រកបដោយលក្ខណៈស្ថាបនាក្នុងការជំរុញការស្តារឡើងវិញនូវសន្តិភាពរវាងកម្ពុជានិងថៃ។ លោកក៏សង្ឃឹមថា ប្រទេសទាំងពីរនឹងចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីធានាសុវត្ថិភាពគម្រោង និងបុគ្គលិករបស់ចិន ព្រមទាំងត្រូវប្រុងប្រយ័ត្នចំពោះអ្នកដែលផ្សព្វផ្សាយពាក្យចចាមអារ៉ាមនិងព័ត៌មានក្លែងក្លាយ ដើម្បីលាបពណ៌ទំនាក់ទំនងមិត្តភាពរវាងប្រទេសចិន និងប្រទេសទាំងពីរ៕

ប្រភព , (CCFR)


ចែករំលែក៖