ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំក្រសួងការពារជាតិ បានថ្លែងបញ្ជាក់ថា កម្ពុជា ទាមទារឱ្យថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយចេតនាក្នុងគោលដៅបង្វែរការចាប់អារម្មណ៍ អំពីការរំលោភច្បាប់អន្តរជាតិរបស់ខ្លួន ដោយលាបពណ៌លើកម្ពុជា ដោយយកលេសបង្កើនភាពតានតឹង ក្នុងគោលបំណងបម្រើដល់សកម្មភាពឈ្លានពាន មកលើដែនអធិបតេយ្យទឹកដីស្របច្បាប់របស់កម្ពុជាតែប៉ុណ្ណោះ។
លោកស្រី អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា ម្តងហើយម្តងទៀត កងទ័ពថៃតែងតែយកលេសនិងប្រើគ្រប់ឧបាយកលដើម្បីលាក់បាំងទង្វើឈ្លានពានរបស់ខ្លួន មកលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ដោយបំពានទាំងកំរោលទៅលើច្បាប់អន្តរជាតិ។
បន្ថែមពីនេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ក៏បានសង្កត់ធ្ងន់ថា ថៃជារដ្ឋបំពានច្បាប់អន្តរជាតិ ជារដ្ឋបំផ្លាញសន្តិភាពនិងសន្តិសុខ មិនត្រឹមតែមួយកម្ពុជានោះទេ តែតំបន់ទាំងមូល ដើម្បីបម្រើមហិច្ឆតារបស់ខ្លួន។
ជាមួយគ្នានេះ ក្រសួងការពារជាតិ សូមធ្វើការបញ្ជាក់ជូនសាជាថ្មីថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្តោតតែលើ “គោលដៅ យោធាថៃប៉ុណ្ណោះ មិនសំដៅលើគោលដៅជនស៊ីវិល ឬទីកន្លែងស៊ីវិលណាមួយឡើយ” ប៉ុន្តែមានតែ ភាគីថៃទេ ដែលបានធ្វើការវាយប្រហារមកលើទីតាំងដែលប្រជាជនស៊ីវិលរបស់កម្ពុជា និងធ្វើឱ្យប្រជាជន ស៊ីវិលស្លូតត្រង់កម្ពុជាបាត់បង់ជីវិតចំនួន ១៨នាក់ (ទារក ១នាក់) និងរងរបួសចំនួន ៧៩នាក់ គិតត្រឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ម៉ោង ៦ល្ងាច៕ដោយ៖តារា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច