កម្ពុជា-ថៃ៖ កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្ដើមនៅម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី២៤ ខែធ្នូនេះ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកអង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជានិងថៃ។
កិច្ចប្រជុំនេះធ្វើឡើងនៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តច័ន្ទបុរី ប្រទេសថៃ ដោយធ្វើការពិភាក្សាលើខ្លឹមសារ និងធ្វើការផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមក ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។
បើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិលោកស្រី ម៉ាលី សុជាតា ឱ្យដឹងថាកិច្ចប្រជុំនេះគឺដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកនូវដំណោះស្រាយ ដើម្បីឱ្យមានស្ថិរភាពឡើងវិញរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។
គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ប្រធានក្រុមលេខាធិការ (GBC) កម្ពុជា និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ណាត់ថាផុង ប្រាវកែវ ប្រធានក្រុមលេខាធិការ (GBC ) ថៃ។ កិច្ចប្រជុំរបស់ក្រុមលេខា GBC នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច