ខេត្តកំពង់ស្ពឺ÷មន្ត្រីនគរបាលស្រុកគងពិសីបានឲ្យដឹងមួយព្រឹកថ្ងៃទី២៨ខែធ្នូឆ្នាំ២០២៥នេះថា បុរសម្នាក់ជិះម៉ូតូទៅដាក់មង ដោយទុកម៉ូតូចោលនៅលើខ្នងទំនប់ស្រាប់តែចោរឃើញក៏ជិះចេញទៅហើយភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរកអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ចតាមចាប់ បានម៉ូតូមកវិញ។
មន្ត្រីនគរបាលស្រុកគងពិសីបានឱ្យដឹងថា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១៧និង៣០នាទីមានករណីចោរកម្ម(លួចម៉ូតូ)នៅចំណុចទំនប់តាបូ ស្ថិតនៅភូមិសាលាគ្រោះ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ម្ចាស់ម៉ូតូ ឈ្មោះទីវ តិល ភេទប្រុស អាយុ៤១ ឆ្នាំស្នាក់ នៅផ្ទះជួលភូមិព្រៃខ្លា ឃុំព្រះនិព្វានស្រុកគងពិសី ខេត្ត កំពងស្ពឺ ។
ប្រភពបានឱ្យដឹងថា បុរសខាងលើបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាវ៉េវពណ៌ខ្មៅផ្លាកលេខ.ពោធិសាត់ 1A- 7080 មកទុកលើខ្នងទំនប់ រួចក៏ចុះរាយមងក្នុងទឹក។ចំណែកសោរម៉ូតូថ្ពួកជាប់ខោ ដែលស្រាតទុកលើម៉ូតូ។ ក្រោយមកក៏មានជនសង្ស័យឈ្មោះ ឆន ឈៀ ហៅ ឆៃ ភេទប្រុស អាយុ៣០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិកញ្រ្ចប់ ឃុំព្រះនិព្វាន ស្រុកគងពិសី បានធ្វើសកម្មភាពលួចយកម៉ូតូ តែត្រូវបានជនរងគ្រោះឃើញទាន់ស្រែកចោរៗទើបភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋនាំគ្នាជិះម៉ូតូដេញតាមបានចម្ងាយ ៣ គីឡូម៉ែត្រទើបតាមទាន់ចាប់បានជនសង្ស័យប្រគល់ឲសមត្តកិច្ច ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលស្រុកគងពិសីកសាងសំណុំរឿងនិងបញ្ចូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្ត ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច