ខេត្តព្រះវិហារ៖ មន្រ្តីជំនាញ សហការជាមួយអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា WCS កាលថ្ងៃទី២៦-២៧ ខែធ្នូ ឆ្នាំ២០២៥ បានចុះយកសំណាកសាកសព សត្វដំរីមេ និងកូនតូចទើបកើត ដែលបានស្លាប់ នៅចំណុចអូរស្កាច ស្ថិតក្នុងភូមិសាស្រ្តភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បន្ទាប់ពីបានរកឃើញត្រូវអំបែងគ្រាប់ផ្លោងរបស់កងទ័ពថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កន្លងទៅថ្មីៗនេះ។
សូមបញ្ជាក់ថា យោងតាមតាមការត្រួតពិនិត្យ និងវាស់វែងជាក់ស្តែង ក្រុមការងារបានបញ្ជាក់ថា សាកសពដំរីមេមានអាយុប្រហែល ៤០ឆ្នាំ ទំងន់ប្រហែល ២៥០០គីឡូក្រាម ប្រវែងពីស្មារមុខដល់គូទដំរី មានប្រវែង ២៧០សង់ទីម៉ែត្រ ប្រមោយដំរីមានប្រវែង ១៣០សង់ទីម៉ែត្រ បាតជើងក្រោយខាងស្តាំមានទំហំ ៥៥សង់ទីមែត្រ ជើងក្រោយត្រឹមជង្គង់មានកំពស់ ៨០សង់ទីម៉ែត្រ ស្នាមមុខរបួសចំនួន ០២កន្លែងជិតគ្នា។ មុខរបួសនីមួយៗមានបណ្តោយប្រវែង ១៣សង់ទីម៉ែត្រ ទទឹង ៥សង់ទីម៉ែត្រ ជម្រៅ ២០សង់ទីម៉ែត្រ។
ដោយឡែកសាកសពកូនដំរី មានសភាពស្អុយរលួយបាត់ទ្រង់ទ្រាយមិនអាចវាស់បានទេ។ ក្រុមការងារបានរក្សាទុកសំណាកសពសត្វដំរីទាំងពីរ(ម្តាយនិងកូន)។ មន្រ្តីជំនាញ និងអង្គការWCS នឹងចាត់វិធានការស្រាវជ្រាវបន្ត៕ដោយ៖តារា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច