ព័ត៌មានទាន់ហេតុការណ៍៖

ស្រុក២របស់ខេត្តបន្ទាយមានជ័យរងផលប៉ះពាល់ ជន់លិចដោយទឹកភ្លៀង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ស្រុកព្រះនេត្រព្រះ និងស្រុកថ្មពួករបស់ខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរស្រុករាយការណ៍ប្រាប់ឱ្យដឹងថា មានផ្លូវលំ សាលារៀន មណ្ឌលសុខភាពមួយចំនួន បានរងការជន់លិចដោយទឹកភ្លៀង គ្រាដែលខេត្តបន្ទាយមានជ័យត្រូវគេមើលឃើញថា បាននិងកំពុង រងសំពាធទាបទទួលនូវឥទ្ធិពលភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេល២ទៅ៣ថ្ងៃចុងក្រោយនេះ ។

ក្រោយពេលដែលក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងកាលពីសប្តាហ៍មុន ថា ប្រទេសកម្ពុជារងនូវសម្ពាធទាប ដែលមានភ្លៀងធ្លាក់ខ្លាំង ក្នុងនោះមានខេត្តចំនួន១០ ចំណោមទាំង១០ខេត្ត នោះមានខេត្តបន្ទាយមានជ័យផងដែរ ត្រូវបានជូនដំណឹងមកថា រងនូវជន់លិចដោយទឹកភ្លៀង ។ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ននោះផងទៀត ។

បើតាមប្រភពព័ត៌មានពីអាជ្ញាធរស្រុកព្រះនេត្រព្រះប្រាប់ឱ្យដឹងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នេះថា ស្រុកព្រះនេត្រព្រះបានទទួលនូវរបបទឹកភ្លៀង៣ទៅ៤ថ្ងៃចុងក្រោយនេះ ឃុំចំនួន២រងការជន់លិចដោយទឹកភ្លៀង គឺឃុំប្រសាទ និងឃុំទឹកជោរ ។

ផ្លូវលំមួយខ្សែប្រវែង ៤៥០ម៉ែត្រ ក្នុងឃុំប្រាសាទ រងការជន់លិច មិនអនុញ្ញាតឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់នោះទេ នៅឃុំប្រាសាទនោះដែរ មណ្ឌលសុខភាពឃុំ សាលាអនុវិទ្យាល័យ និងបឋមសិក្សា ទន្លាប់ រងការជន់លិច ។ ឃុំទឹកជោរលិចសាលាវិទ្យាល័យទឹកជោរ និងសាលាបឋមសិក្សាសំរោង ។ ទឹកជន់លិចសាលារៀនមិនបង្កប៉ះពាល់នៃការរៀនសូត្ររបស់សិស្សនោះទេ ដោយនេះជារដូវវិស្សមកាលនៅឡើយ ការជន់លិចដោយទឹកភ្លៀងមានរយៈពេល៤ទៅ៥ថ្ងៃនោះហើយ។

បើតាមប្រភពព័ត៌មានពីអាជ្ញាធរស្រុកព្រះនេត្រព្រះ ប្រាប់ឱ្យដឹងទៀតថា ការជន់លិចដោយទឹកភ្លៀងនៅឃុំទាំងពីរខាងលើ មិនបង្កឱ្យប៉ះពាល់ធ្ងន់នោះទេ ។

ដោយឡែកនៅស្រុកថ្មពួក ផ្លូវមួយខ្សែនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្ត ឃុំគោករមៀត រងការជន់លិចខូចខាត ចំនួន៣កន្លែង មួយកន្លែងខូចខាតប្រវែងប្រហែល១០០ម៉ែត្រ ។

អភិបាលស្រុកថ្មពួក ប្រាប់ឱ្យដឹងថានៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ទឹកបានស្រកវិញហើយ ប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ជាធម្មតា ៕ សំ វិច្ឆិកា

img_5900 img_5891 img_5892 img_5894 img_5898


ចែករំលែក៖