ព័ត៌មានទាន់ហេតុការណ៍៖

លោក លី ធុជ ជំរុញឱ្យពលរដ្ឋរួមសាមគ្គីគ្នា ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យភាព និងអនាគតរបស់ជាតិ

ចែករំលែក៖

ភ្នំពេញ៖ …លោក លី ធុជ  បានជំរុញឱ្យពលរដ្ឋរួមសាមគ្គីគ្នា ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យភាព និងអនាគតរបស់ជាតិ ទាំងផ្នែកនយោបាយ ការទូត ច្បាប់អន្តរជាតិ សន្តិសុខ និងការពារជាតិ។

 លោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានជំរុញបែនេះ នៅក្នុងពិធី ជួបសំណេះ សំណាលជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងកម្មវិធីលើកផ្ទាំងប៉ាណូអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌ គ្រឿងផ្ទុះ នៅមុខអនុវិទ្យាល័យ សម្ដេចឪ សម្ដេចម៉ែ ភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលជាតំបន់រងការទម្លាក់គ្រាប់បែកពីយោធាថៃ អំឡុងសង្រ្គាមលើកទី២រវាងកម្ពុជា-ថៃ។ 

   លោក លី ធុជ បានបញ្ជាក់ថា ការអប់រំយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ គឺជាកិច្ចការចាំបាច់មួយដែល សម្តេចធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី យកចិត្តទុកដាក់ខ្ពស់ ក្នុងការធានាសុខសុវត្ថិភាពជូនប្រជាជនភៀសសឹក ជាពិសេសកុមារ ដើម្បីបង្ការនិងទប់ស្កាត់ការគ្រោះថ្នាក់ដោយយុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ទុកដោយយោធាថៃ។

ឯកឧត្តម បានអរគុណ ចំពោះប្រទេសចិន ដែលជួយគាំទ្រដល់កម្មវិធីអប់រំនេះ ក៏ដូចជាប្រទេសជាមិត្ត និងដៃគូដទៃទៀត ដែលបាននិងកំពុងជួយគាំទ្រដល់វិស័យមីនមនុស្សធម៌នៅកម្ពុជា ហើយតាមរយៈជំនួយនេះ ជីវិតមនុស្សរាប់ម៉ឺននាក់ត្រូវបានជួយសង្រ្គោះ និងសហគមន៍ជាច្រើនត្រូវបានស្តារឡើងវិញ។ បន្ទាប់ពីទទួលការឈឺចាប់ និងការ រំលោភឈ្លានពានពីភាគីថៃមកលើអធិបតេយ្យភាព និងបូរណភាពដែនដីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ និងរួបរួមគ្នាជាឯកភាពជាតិ មិនបែកបាក់ មិនឲ្យអារម្មណ៍កំហឹងនាំទៅកាន់អំពើហិង្សា ប៉ុន្តែត្រូវរឹងមាំដោយស្មារតីសន្តិភាព ការគោរពច្បាប់អន្តរជាតិ និងការការពារផលប្រយោជន៍ជាតិដោយភាពថ្លៃថ្នូរ។ 

    សម្តេចធ្លាបបានបញ្ជាក់ហើយថា កម្លាំងដ៏ខ្លាំងបំផុតរបស់កម្ពុជា គឺភាពរួបរួមរវាងរដ្ឋ និងប្រជាជន កងកម្លាំងប្រដាប់អាវុធ និងសង្គមស៊ីវិល ដើម្បីការពារជាតិមាតុភូមិ ថែរក្សាសន្តិភាព ស្ថិរភាព និងកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ ៕ ដោយ សំរិត


ចែករំលែក៖