ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំស្តីពី ការពិនិត្យកែលម្អយន្តការគ្រប់គ្រងគុណភាពឧត្តមសិក្សានៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅទ្រឹស្ដីការក្រសួង លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ស្ដីពី ការពិនិត្យកែលម្អយន្តការគ្រប់គ្រងគុណភាពឧត្តមសិក្សា ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

កិច្ចប្រជុំនេះបានពិនិត្យពិភាក្សាផ្លាស់ប្ដូរយោបល់ និងប្រមូលធាតុចូល ដើម្បីឆ្លើយតបនឹងរបាយការណ៍វឌ្ឍនភាពនៃគុណភាពអប់រំឧត្តមសិក្សា យន្តការត្រួតពិនិត្យ និងវាយតម្លៃគុណភាពនៃការស្រាវជ្រាវ និងការសរសេរនិក្ខេបបទសម្រាប់ថ្នាក់បណ្ឌិត។ កន្លងមកក្រសួងបាននិងកំពុងបន្តការអនុវត្តកំណែទម្រង់ឧត្តមសិក្សា ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមុំទី១ គឺផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស និងមុំទី៥៖ ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ដោយផ្តោតលើ៖ (១) ការបង្កើតមជ្ឈមណ្ឌលឧត្ដមភាព (២) ការពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័ន (៣) ទំនើបកម្មកម្មវិធីសិក្សា និងការលើកកម្ពស់ប្រសិទ្ធភាពនៃការបង្រៀន និងរៀន (៤) ការពង្រឹងការសិក្សាស្របតាមលក្ខណៈអន្តរជាតិ (៥) ការពង្រឹងប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវក្នុងការអប់រំឧត្ដមសិក្សា និង(៦) បង្កើនចំនួនសិស្សចូលរៀន។

ដើម្បីបង្កើនប្រសិទ្ធភាពការងារ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ជូនក្រុមការងារជំនាញដើម្បីអនុវត្តការងារបន្ត ដូចជា (១) រៀបចំរបាយការណ៍វិភាគគុណភាពឧត្តមសិក្សា និងរបាយការណ៍សមិទ្ធផលនៃកែលម្អឧត្តមសិក្សាកន្លងមក (២) វាយតម្លៃយន្តការនៃការគ្រប់គ្រងឧត្តមសិក្សា ដោយពិនិត្យនិងរៀនសូត្រពីឧត្តមានុវត្តន៍របស់ប្រព័ន្ធអប់រំប្រទេសនានាដែលមានការទទួលស្គាល់គុណភាព (៣) សូមពិនិត្យនិងពង្រឹងការបណ្ដុះបណ្ដាលនិស្សិតថ្នាក់បណ្ឌិត ជាពិសេសវិធីសាស្ត្រស្រាវជ្រាវ (៤) សូមរៀបចំចងក្រងជាវិធីសាស្ត្រស្រាវជ្រាវ សេចក្តីណែនាំ ទម្រង់ការសរសេរនិក្ខេបបទ និងកំណត់ស្តង់ដានៃការស្រាវជ្រាវសម្រាប់ថ្នាក់បណ្ឌិត (៥) បន្តវិភាគ និងការពង្រឹងប្រព័ន្ធអាហារូបករណ៍ ពិនិត្យវាយតម្លៃជាប្រចាំនូវកម្មវិធីសិក្សា ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពក្នុងការអនុវត្តកំណែទម្រង់ឧត្តមសិក្សា ដោយសហការឱ្យល្អប្រសើរជាមួយភាគីពាក់ព័ន្ធទាំងអស់ និង (៦) កម្រិតជំនាញត្រូវបន្តវាយតម្លៃពីបញ្ហាប្រឈមនានា និងមានការសិក្សាឱ្យស៊ីជ្រៅលើយន្តការគ្រប់គ្រងឧត្តមសិក្សា ដើម្បីលើកទឹកចិត្តដល់ការពង្រឹងគុណភាព ការបន្តកែលម្អ សំដៅជំរុញឱ្យមានការទទួលស្គាល់គុណភាពការអប់រំឧត្តមសិក្សានៅកម្ពុជាកាន់តែទូលំទូលាយ៕

ដោយ ៖ សិលា


ចែករំលែក៖