ខេត្តកំពង់ស្ពឺ៖ អ្នករើសអេតចាយម្នាក់បានប្រទះឃើញទារិកាម្នាក់ សង្ស័យគេយកមកបោះចោលនៅលើគំនរ សំរាមមួយកន្លែងក្នុងដីឡូត៍ទំនេរ ទុកចោលខាងជើងផ្លូវជាតិលេខ៤ ស្ថិតនៅក្នុង ស្ថិតនៅភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោងប្រហែល៩ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរ ចោមរោមមើល។
ក្រោយកើតហេតុ អាជ្ញាធរមូលដ្ឋានបានរាយការណ៍ទៅសមត្ថកិច្ចជំនាញដើម្បីធ្វើកោសល្យវិច័យលើសាកសពទារិកានេះរកមូលហេតុនៃការស្លាប់ ក៏ដូចជាស្វែងរកសាច់ញាតិមកទទួលខុសត្រូវ។
បើតាមប្រជាពលរដ្ឋ ទៅចោមរោមមើលលើកឡើងថា នៅមុនពេលប្រទះឃើញសពទារិការដែលសង្ស័យគេយកមកបោះចោលនោះ គឺមានស្ត្រីម្នាក់ជាអ្នករើសអេតចាយបានឃើញថង់ខ្មៅមួយ រួចហើយក៏បានស្រាយចេញ ឃើញមានសារ៉ុងថ្មីមួយរុំសពទារិការនោះ។ ពេលស្រាយឃើញដូចនោះមានការភ្ញាក់ផ្អើល និងបានរាយការណ៍ទៅអាជ្ញាធរភូមិ និងសមត្ថកិច្ចតែម្តង។
ប្រជាពលរដ្ឋដែលមកចោមរោមមើលសពទារិការខាង លើ មានការអាណិតអាសូរយ៉ាងខ្លាំង អ្នកខ្លះនិយាយថា ហេតុអីក៏ម្តាយចិត្តដាច់អ្វីម្លេះ? តើចិត្តម្តាយសាងពីអ្វីទើបយកកូនដែលទើបស្គាល់ពន្លឺថ្ងៃសោះ យកគ្នាមកបោះចោល បើថាគ្មានលទ្ធភាពចិញ្ចឹមទេហេតុអ្វីមិនយកឱ្យអ្នកណាដែលគ្មានកូនទៅ! ឬមួយក៏ប្រគល់ឱ្យទៅលោកគ្រូ អ្នកគ្រូពេទ្យទៅ បើជ្រុលជាបង្កើតកូនមកហើយនោះ។ ទារិការដែលស្លាប់សង្ស័យគេយកមកបោះចោលនោះ ប្រជាពលរដ្ឋម្នាក់ៗ លើកសរសើរថាស្អាតច្រមុះស្រួច គួរឱ្យសោកស្តាយជាទីបំផុតប្រសិនបើនាងនៅមានជីវិតវិញម្លេះមិនដឹងថាស្រស់ស្អាតប៉ុណ្ណានោះទេ។
ពាក់ព័ន្ធនឹងការប្រទះឃើញសពទារិការសង្ស័យគេយកមកបោះចោលនៅក្នុងដីឡូត៍ទំនេរមួយកន្លែងបង្កឱ្យមានការភ្ញាក់ផ្អើលនោះ លោក វរសេនីយ៍ឯក ភោគ សម្បត្តិ នាយការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រខេត្តកំពង់ស្ពឺបានឱ្យដឹងថា មន្ត្រីរបស់លោកបានចុះទៅពិនិត្យសពទារិការរួចរាល់ហើយ សពធម្មតាទេ(មិនដូចគេលើកឡើងថាមានការកាច់ដៃកាច់ជើងឡើយ) សព
ទារិការមានសភាពមិនគ្រប់ខែ (រលូត) ហើយគេយកទៅដាក់ចោល។
លោក ភោគ សម្បត្តិ បានបន្តទៀតថា បើតាមការសន្និដ្ឋានក្មេងនឹងមិនគ្រប់គីឡូទេ និងសង្ស័យមិនគ្រប់ ខែទេ(រលូត) ឃើញមានពេទ្យកឹបផ្ចិតត្រឹមត្រូវ សង្ស័យពេទ្យគេឱ្យយកទៅផ្ទះហើយយកមកបោះចោលតែម្តង មិនពាក់ព័ន្ធជាមួយបទល្មើសអ្វីនោះទេ។ សមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវស្វែងរកគ្លីនិកដែលសម្រាលទារិកាខាងលើ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច